ឯកឧត្តម ឃួង ស្រេង ដាក់បញ្ជាឲ្យអាជ្ញាធរខណ្ឌទាំង១៤ បង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួន
យោងតាមប្រសាសន៍ណែនាំយ៉ាងម៉ឺងម៉ាត់របស់សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បញ្ជាឲ្យអាជ្ញាធរខណ្ឌទាំង១៤ ក៏ដូចជាប្រធានផ្សារទាំង២៥ គឺមិនអនុញ្ញាតឲ្យមានល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មាននៅក្នុងមូលដ្ឋានរបស់ខ្លួនឡើយ ។
ការដាក់បទបញ្ជាបែបនេះរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើង ក្នុងកិច្ចប្រជុំបន្ទាន់មួយ ជាមួយអភិបាលខណ្ឌទាំង១៤និងប្រធានផ្សារទាំង២៥ នារសៀលថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ ពោលគឺក្រោយពីសម្ដេច មហាបវរធិបតីហ៊ុន ម៉ាណែត បានដាក់បទបញ្ជាភ្លាម។
ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ចំពោះអាជីវកម្មឆ្នោតផ្សងសំណាងចំនួន១០ ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនឆ្នោតផ្សងសំណាងចំនួន៦ ស្មើនឹងជាង៦០ទីតាំង ដែលហួសសុពលភាព គឺមិនអនុញ្ញាតឲ្យបន្តបើកអាជីវកម្មទៀតទេ។ ប៉ុន្តែបើក្រុមហ៊ុនទាំងនោះ នៅតែបន្តអាជីវកម្មរបស់ខ្លួន អាជ្ញាធររាជធានីភ្នំពេញនិងធ្វើការបង្ក្រាបជាបន្ទាន់ ព្រោះជាទីតាំងដែលខុសច្បាប់ ហើយចំពោះទីតាំងថ្មីគឺមិនអនុញ្ញាតឲ្យមានទៀតទេ។
ឯកឧត្តម ឃួង ស្រេង បានបន្តទៀតថា តាមជុំវិញ ផ្សារ សាលារៀន គឺមិនអោយមានដាច់ខាតចំពោះល្បែងស៊ីសងខុសគ្រប់ប្រភេទ បើមានលួចបើកល្បែងស៊ីសងខុសច្បាប់ទាំងនេះគឺត្រូវតែបង្ក្រាបភ្លាមតែម្តង។
បន្ថែមពីនេះទៀត ឯកឧត្តម ឃួង ស្រេង ជំរុញឲ្យបន្តបង្កេីត Group Telegram ក្រុមការងារត្រួតពិនិត្យ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅរាជធានីភ្នំពេញ ដោយក្រុមការងារនេះត្រូវមានរបាយការណ៍ប្រចាំថ្ងៃជូន អភិបាលរាជធានីភ្នំពេញ។
ចំពោះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងខណ្ឌទាំង១៤ ត្រូវរៀបចំប្រជុំបន្ទាន់ ដើម្បីដាក់ផែនការចុះត្រួតពិនិត្យលិខិតអនុញ្ញាតទីតាំងអាជីវកម្មល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅភ្នំពេញ ទីតាំងដែលលិខិតអនុញ្ញាតផុតសុពលភាពត្រូវបិទជាបន្ទាន់ ទីតាំងដែលមានអាជ្ញាបណ្ណពី គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា តែគ្មានលិខិតអនុញ្ញាតទីតាំងក៏ត្រូវបិទ ទីតាំងដែលនៅសល់សុពលភាព លិខិតអនុញ្ញាតទីតាំង ត្រូវរង់ចាំដល់ផុតសុពល រួចចុះបិទដែរ បញ្ឈប់ការបន្តសុពលភាពលិខិតអនុញ្ញាតទីតាំង និងចេញលិខិតអនុញ្ញាតទីតាំងថ្មី។
គួរបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ នាព្រឹថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្ដេចបានចេញបទបញ្ជាឱ្យផ្អាករាល់ការចេញអាជ្ញាប័ណ្ណ ឬការផ្ដល់សិទ្ធិបើកទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋាន។
ជាមួយគ្នានេះ សម្ដេចធិបតី បានណែនាំឱ្យគណៈកម្មការគ្រប់គ្រងល្បែងស៊ីសងកម្ពុជា ចំណុះឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំប្រជុំជាបន្ទាន់ជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ រួមទាំងបណ្ដាភាគីពាក់ព័ន្ធទាំងអស់ ដើម្បីពិនិត្យឡើងវិញ និងរៀបចំឡើងវិញនូវគោលការណ៍ និងវិធានការគ្រប់គ្រងល្បែងផ្សងសំណាងនានានៅទូទាំងប្រទេស។
ក្នុងន័យនេះ សម្ដេចនាយករដ្ឋមន្ត្រី បានដាក់បទបញ្ជាដល់អភិបាលរាជធានីខេត្តទាំងអស់ ចាត់វិធានការជាបន្ទាន់ ដើម្បីត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋាននៃដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងករណីមានបន្តបើកថ្មីៗទៀត សូមចាត់វិធានការបិទជាបន្ទាន់ ហើយរាយការណ៍មកសម្ដេច ដើម្បីចាត់វិធានការបន្ត ដែលអាចឈានដល់ការដកអាជ្ញាបណ្ណនៅក្នុងខេត្ត ឬនៅទូទាំងប្រទេសតែម្ដង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។