Apple នឹងត្រូវ​ផាកពិន័យ​ជាង ៥៣០​លាន​ដុល្លារ ពី​សហភាព​អឺរ៉ុប​

​ថ្មីៗ​នេះ​សារព័ត៌មាន Financial Times បាន​រាយការណ៍​មក​ថា សហភាព​អឺរ៉ុប (EU) គ្រោង​ផាកពិន័យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Apple ប្រមាណ ៥០០​លាន​អឺរ៉ូ (​ដែល​ស្មើនឹង ៥៣៩​លាន​ដុល្លារ​) ជុំវិញ​ការចោទប្រកាន់ថា បាន​បំពាន​ច្បាប់​ប្រកួតប្រជែង​របស់​សហភាព​អឺរ៉ុប​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Reuters នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២៤​។​

​ប្រភពពី Financial Time ដដែល​បាន​បន្តទៀតថា ការផាកពិន័យ​នេះ​ត្រូវបាន​គេ​រំពឹងថា នឹង​ប្រកាស​នៅ​ដើមខែ​ក្រោយ ហើយ​អាចពាក់ព័ន្ធ​ទៅនឹង​ការចោទប្រកាន់​ពី​ការ​បង្ខូចការ​ប្រកួតប្រជែង​នៅក្នុង​ទីផ្សារ​ការផ្សាយ​តន្ត្រី​តាមរយៈ​ច្បាប់ App Store របស់ខ្លួន ដែល​បាន​រារាំង​អ្នក​អភិវឌ្ឍន៍ (​ឬ Developer) ពី​ការជូនដំណឹង​ដល់​អ្នកប្រើប្រាស់​អំពី​ជម្រើស​ទិញ​ផ្សេងទៀត​។​

​យ៉ាងណាមិញ​ជុំវិញ​បញ្ហា​នេះ ទាំង​គណៈកម្មការ​អឺរ៉ុប និង Apple មិន​បានធ្វើ​អត្ថាធិប្បាយ​លើ​ការផាកពិន័យ​ដែល​បាន​រាយការណ៍​នោះទេ​។​

​គួរ​ជម្រាប​ដែរ​ថា Apple ត្រូវ​រង​ការស៊ើបអង្កេត នឹង​ចោទប្រកាន់​ចាប់តាំងពី​ឆ្នាំ​២០១៩​មក​ម្លេះ ថា​បាន​បំពាន​ច្បាប់​ប្រកួតប្រជែង​របស់​សហភាព​អឺរ៉ុប ដោយសារតែ​គោលការណ៍ App Store របស់ខ្លួន ជាពិសេស​ទាក់ទង​ទៅនឹង​ការអនុវត្ត​មួយចំនួន​ដូចជា ការគិត​កម្រៃជើងសារ ឬ​ពន្ធ​ប្រមាណ ៣០​ភាគរយ​ពី Developer រួមទាំង​ហាមឃាត់​អ្នកបង្កើត​កម្មវិធី​ពី​ការជូនដំណឹង​ដល់​អ្នកប្រើប្រាស់​អំពី​ជម្រើស​ទិញ​ជំនួស​នៅ​ខាងក្រៅ App​។ ពោលគឺ​ជម្រើស​នៃ​ការទិញ​ជំនួស ដូចជា​ការលើកទឹកចិត្ត​ឱ្យ​ពួកគេ​បង់ប្រាក់​ដោយផ្ទាល់ និង​ជៀសវាង​ថ្លៃ​សេវា App Store របស់ Apple ដែលមាន​ចាប់ពី ១៥​ភាគរយ​ទៅ ៣០​ភាគរយ​ជាដើម​។​

​គោលការណ៍​ទាំងនេះ​ត្រូវបាន​ចោទប្រកាន់ថា​បាន​បង្ខូច​ទ្រង់ទ្រាយ​ការប្រកួតប្រជែង​នៅក្នុង​ទីផ្សារ​ការផ្សាយ​តន្ត្រី​ដោយ​ការបង្កើន​ថ្លៃដើម​សម្រាប់​សេវាកម្ម​ប្រកួតប្រជែង ហើយ​ទីបំផុត​នាំឱ្យ​តម្លៃ​កាន់តែ​ខ្ពស់​សម្រាប់​អ្នកប្រើប្រាស់​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close