ហ្គាហ្សា កើនចំនួនអ្នកស្លាប់លើស ២៩,០០០នាក់ ខណៈចំនួនស្លាប់ ថ្មី១០៧នាក់ទៀត រកឃើញក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ
ក្រសួងសុខាភិបាលដែលមានមូលដ្ឋាននៅហ្គាហ្សាបានប្រកាសនៅថ្ងៃចន្ទនេះថា ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន ដែលបណ្តាលមកពីការវាយប្រហាររបស់អ៊ីស្រាអែលដែលកំពុងបន្តលើតំបន់ហ្គាហ្សា បានកើនលើស ២៩,០០០ នាក់ហើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ១០៧ នាក់ និងរងរបួសចំនួន ១៤៥ នាក់ទៀតក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។
ការធ្វើបច្ចុប្បន្នភាពចុងក្រោយនេះ នាំមកនូវចំនួនអ្នកស្លាប់ និងរបួសសរុបដល់ទៅ ២៩,០៩២ នាក់បានស្លាប់ និង ៦៩,០២៨ នាក់រងរបួស ចាប់តាំងពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសបានផ្ទុះឡើងនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣។
របាយការណ៍បានកត់សម្គាល់ថា ជនរងគ្រោះមួយចំនួននៅតែស្ថិតនៅក្រោមគំនរបាក់បែក ចំពេលមានការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរ និងកង្វះផ្នែកការពារស៊ីវិល និងក្រុមរថយន្តសង្គ្រោះបន្ទាន់។
អ៊ីស្រាអែលបាននិងកំពុងបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីសងសឹកប្រឆាំងនឹងការវាយលុករបស់ក្រុមហាម៉ាស់ឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដែលសម្លាប់មនុស្សប្រហែល ១,៤០០ នាក់ និងជាង ២០០ នាក់ទៀត ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង៕
ប្រភព៖ Fresh News
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។