​ជប៉ុន នឹង​ចំណាយ​ថវិកា ៦៦០​លាន​ដុល្លារ​បន្ថែម លើ​ការងារ​កសាង​ឡើងវិញ បន្ទាប់ពី​គ្រោះរ​ញ្ជូ​យ​ដី​

ប្រទេស​ជប៉ុន នឹង​ចំណាយ​ថវិកា​បន្ថែមចំនួន ៦៦០​លាន​ដុល្លារ សម្រាប់​ការងារ​សាងសង់​ឡើងវិញ​ក្នុង​តំបន់​ដែល​រងគ្រោះ​ដោយ​រញ្ជួយ​ដី កាលពី​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល នាំឱ្យ​ថវិកា​ចំណាយ​សរុប​លើ​កិច្ចការ​នេះ​កើនឡើង​ដល់ ១.៧​ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​ចន្ទ ទី​២៦ ខែកុម្ភៈ ឆ្នាំ ២០២៤​។​

​ការប្រកាស​ចំណាយ​បន្ថែម​នេះ ធ្វើឡើង​ដោយ​លោកនាយក​រដ្ឋមន្ត្រី Fumio Kishida ក្នុងពេល​ចុះ​ពិនិត្យ​ស្ថានភាព​តំបន់​រងគ្រោះ​កាលពី​ចុង​សប្តាហ៍​មុន​។ លោក Kishida បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅឯ​ទីក្រុង Wajima ដែល​រងគ្រោះ​ខ្លាំងជាងគេ យ៉ាង​ដូច្នេះ​ថា «​លក្ខខណ្ឌ​រស់នៅក្នុង​ទីជម្រក​បណ្តោះអាសន្ន​មិន​អី​ទេ ប៉ុន្តែ​ខ្ញុំ​ចាំ​ថា ការពិត​នៅតែ​លំបាក​ដូច​សព្វដង​។ តាម​បទពិសោធន៍​កន្លងមក រដ្ឋាភិបាល​ត្រូវតែ​ផ្តល់​ការគាំទ្រ​បន្ថែម​»​។​

​លោក Kishida បានឱ្យដឹង​បន្ថែមថា ថវិកា​បន្ថែមចំនួន ១០០​ពាន់​លាន​យេន ឬ​ស្មើនឹង ៦៦០​លាន​ដុល្លារ ដែល​យក​ចេញពី​មូលនិធិ​បម្រុង​ប្រចាំឆ្នាំ និង​សម្រាប់​បម្រើ​ដល់​ការងារ​សង្គ្រោះ​គ្រោះមហន្តរាយ ឬ​ស្ថានការណ៍​ផ្សេងៗ ត្រូវបាន​កំណត់ថា​នឹង​អនុម័ត​ដោយ​គណៈរដ្ឋមន្ត្រី នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។​

​ថវិកា​បន្ថែម​ថ្មី​នេះ នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​ប្រព័ន្ធ​ឧបត្ថម្ភ​ធន ដែល​ស្វែងរក​ការជួយ​ដល់​គ្រួសារ​ដែល​ចិញ្ចឹម​ក្មេងៗ ក៏ដូចជា​សាងសង់​ផ្ទះ​របស់​ពួកគេ​ឡើងវិញ​។ បើតាម​លោកនាយក​រដ្ឋមន្ត្រី នឹងមាន​ការ​ព​ន្លឿ​ន​ការងារ​សាងសង់​លំនៅដ្ឋាន​បណ្តោះអាសន្ន ហើយ​គាំទ្រ​បន្ថែមទៀត​សម្រាប់​ឧស្សាហកម្ម​វត្ថុ​បុរាណ ក្នុង​ទីក្រុង Wajima នៃ​តំបន់ Ishikawa​។​

​គួរ​បញ្ជាក់ថា កាលពី​យប់​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល ការរញ្ជួយ​ដី​កម្រិត ៧.៥​រ៉ិ​ច​ទ័​រ បាន​បំផ្លិចបំផ្លាញ​យ៉ាង​ធំធេង​លើ​ផ្នែក​ជាច្រើន​នៃ​តំបន់ Ishikawa ដែល​ស្ថិតនៅលើ​ឆ្នេរសមុទ្រ​ជប៉ុន ហើយ​បណ្តាលឱ្យ​មនុស្ស​ចំនួន ២៤១​នាក់​ស្លាប់ ប៉ះពាល់​ដល់​មនុស្ស​ច្រើនជាង ១០,០០០​នាក់​៕

​ប្រភព​៖ Fresh News​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close