អាជ្ញាធរ​ជាតិ​អប្សរា កំពុងធ្វើការ​សម្អាត និង​ចុះបញ្ជី​ថ្ម នៅ​ប្រាសាទ​អ្នកតា​វាំង

​ប្រាសាទ​អ្នកតា​វាំង ឬ​អ្នកស្រុក​ហៅ​ប្រាសាទគោក​តា​វាំង ជា​ប្រាសាទតូច​មួយ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។ ប្រាសាទ​នេះ បាន​បែកបាក់ បាត់បង់​រូបរាង​ស្ទើរ​ទាំងស្រុង​ទៅហើយ ដោយសារ​កត្តា​ជាច្រើន មាន​ធម្មជាតិ អាយុកាល និង​កត្តា​មនុស្ស​ជាដើម​។ ដើម្បី​កិច្ចការងារ​អភិរក្ស​សំណង់​បុរាណ អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ធ្វើ​សម្រង់​ថ្ម ដែល​ធ្លាក់​រាយប៉ាយ​នៅ​ជុំវិញ​នោះ ដើម្បី​ស្វែងរក​ថ្ម រួច​ធ្វើការ​សម្អាត និង​អាច​រៀប​ផ្គុំ​ប្រាសាទ​ឱ្យមាន​រូបរាង​ឡើងវិញ​។​

​លោក រស់ វិសុទ្ធ មន្ត្រី​អភិរក្ស​ប្រាសាទភ្នំក្រោម នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹងថា ដោយមាន​ការអនុញ្ញាត​ពី​ថ្នាក់ដឹកនាំ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា រយៈពេល​ជាង​មួយខែ​កន្លងមកហើយ ដែល​ក្រុមការងារ​នៃ​នាយកដ្ឋាន​លោក បាន​ចុះ​មកកាន់​ទីតាំង​ប្រាសាទ​អ្នកតា​វាំង​នេះ ពិនិត្យមើល​កិច្ចការងារ​មួយចំនួន ដើម្បី​អភិរក្ស​ប្រាសាទ ដែល​រង​ការខូចខាត​ទ្រុឌទ្រោម នៅសល់តែ​គ្រឹះ​ខាងក្រោម ថ្ម​ធ្លាក់​រាយប៉ាយ និង​មានការ​រំលោភបំពាន​ពី​សំណាក់​ពលរដ្ឋ​រស់នៅ​ក្បែ​រៗ​នោះ ដោយបាន​ចាក់ដី​លុប និង​សាងសង់​សំណង់​ថ្មី​ពីលើ​។

​លោ​កថា​ក្រៅពី​ការងារ​បោសសម្អាត នៅ​ជុំវិញ​បរិវេណ​ប្រាសាទ ក្រុមការងារ​កំពុង​ធ្វើ​បច្ចុប្បន្នភាព​ទៅលើ​ថ្ម​ដែល​នៅ​រាយប៉ាយ ធ្វើការ​សម្អាត​ថ្ម បង់​លេខ​ថ្ម ទើប​ចុះបញ្ជី ដើម្បី​បានដឹងថា ថ្ម​មាន​ក្បាច់​ចំនួន​ប៉ុន្មាន​ដុំ ថ្ម​ជញ្ជាំង​ចំនួន​ប៉ុន្មាន​ដុំ ថ្ម​សសរ​ផ្អោប​និង​ថ្ម​សសរ​ពេជ្រ​ចំនួន​ប៉ុន្មាន និង​ចំនួន​ថ្ម​ផ្សេងៗ​ទៀត ដោយ​ត្រូវធ្វើ​សម្រង់​ថ្ម​ឡើងវិញ​ទាំងអស់​។ ប៉ុន្តែ​ជំហាន​ដំបូង​ត្រូវធ្វើ​សម្រង់​ថ្ម​ណា ដែលមាន​ក្បាច់រចនា​ឬ​រូបរាង​គ្រប់គ្រាន់​។

​លោក​បន្តថា បន្ទាប់ពី​ការ​សម្រង់​និង​ចុះបញ្ជី​ថ្ម​រួចរាល់​ហើយ ទើប​ចាប់ផ្តើម​ការជួសជុល​ឬ​រៀប​ផ្គុំ​ថ្ម​សាកល្បង​ឡើងវិញ​ទៅតាម​ក្រុម​ថ្ម​នីមួយៗ ទើប​ស្នើសុំ​គោលការណ៍​ថ្នាក់ដឹកនាំ ដើម្បី​សិក្សា​គម្រោង​ជួសជុល​រៀប​ផ្គុំ​ប្រាសាទ​អ្នកតា​វាំង​នេះ​ឱ្យមាន​រូបរាង​ឡើងវិញ​។​
​តាមរយៈ​ឯកសារ​សាលា​បារាំង​ចុង​បូព៌ា​បញ្ជាក់ថា ក្នុងអំឡុង​ឆ្នាំ​១៩៧២ បារាំង​ធ្លាប់​បានមក​ធ្វើ​កំណាយ​ស្រាវជ្រាវ​នៅលើ​ទីតាំង​នេះ ម្តង​រួចមកហើយ កាលនោះ​នៅ​កំពូល​ខាងលើ​ប្រាសាទ មាន​សំណង់​ប្រក់​ក្បឿង សម្រាប់​គោរពបូជា​អ្នកតា​។​

​អាជ្ញាធរ​ជាតិ​អប្សរា​សំណូមពរ​ដល់​អាជ្ញាធរ​ដែនដី និង​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ក្បែរៗ​ប្រាសាទ​ទាំងអស់ សូម​ចូលរួម​ថែរក្សា​ការពារ និង​អភិរក្ស មិន​ថា​ប្រាសាទ​នោះ តូច​ឬ​ធំ​ឡើយ ត្រូវ​ឈ្វេងយល់ និង​ផ្តល់​តម្លៃ​ដល់​សំណង់​បុរាណ​ទាំងអស់ ដើម្បី​បន្ត​ថែរក្សា​កេរដំណែល​ដូនតា​ខ្មែរ​បាន​បន្សល់ទុក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close