Meta ប្រកាសឈប់បង់ប្រាក់ដល់មាតិការព័ត៌មាន ក្នុងប្រទេសចំនួន៣
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Meta ដែលជាមេធំរបស់ Facebook បានប្រកាសនៅព្រឹកថ្ងៃសុក្រសប្តាហ៍នេះថា ខ្លួននឹងមិនចូលទៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីសម្រាប់មាតិកាព័ត៌មានប្រពៃណី (traditional news) ក្នុងប្រទេសអូស្ត្រាលី បារាំង និងអាល្លឺម៉ង់ទេ។ ពោលគឺ Meta នឹងមិនយល់ព្រមតាមច្បាប់ថ្មីដែលតម្រូវឱ្យបង់ប្រាក់ដល់មាតិការព័ត៌មានប្រពៃណីដូចជា ទូរទស្សន៍ វិទ្យុ និងការសែតនោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤។
Meta បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ «បន្ថែមពីលើនេះ, ដើម្បីធានាថាយើនឹងបន្តវិនិយោគលើផលិតផល និងសេវាកម្មដែលជំរុញឱ្យមានការចូលរួមពីអ្នកប្រើប្រាស់ជាច្រើន យើងនឹងមិនចូលទៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ឬអនុវត្តច្បាប់ថ្មីដែលតម្រូវឱ្យបង់ប្រាក់សម្រាប់មាតិកាព័ត៌មានប្រពៃណីនៅក្នុងប្រទេសទាំង ៣នេះ ហើយយើងក៏មិនផ្តល់ជូននូវផលិតផល Facebook ថ្មីជាពិសេស សម្រាប់អ្នកផ្សព្វផ្សាយព័ត៌មានបែបថ្មីនាពេលអនាគតផងដែរ»។
យ៉ាងណាមិញអំពីបញ្ហានេះ Meta ធ្លាប់បានក្រើនរំលឹកទៅអូស្ត្រាលីជាច្រើនលើកច្រើនសាររួចមក ជុំវិញលក្ខខណ្ឌតម្រូវឱ្យខ្លួនបង់ប្រាក់ឱ្យអ្នកផ្សាយសម្រាប់មាតិការព័ត៌មាន ខណៈច្បាប់ថ្មីដូចគ្នានេះត្រូវបាន Meta បានអនុវត្តបិទមាតិការព័ត៌មាននៅក្នុងប្រទេសកាដាណាតែម្តង។
ជំនួយការហិរញ្ញិកអូស្ត្រាលីលោក Stephen Jones បានរិះគន់ការសម្រេចចិត្តរបស់ Meta ក្នុងការបញ្ឈប់ការបង់ប្រាក់សម្រាប់មាតិកាព័ត៌មាននៅក្នុងប្រទេសអូស្ត្រាលី អាល្លឺម៉ង់ និងបារាំង ដោយបញ្ជាក់ថាវាតំណាងឱ្យការបដិសេធចំពោះការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះនិរន្តរភាពនៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអូស្ត្រាលី។ លោកបានបន្តទៀតថារដ្ឋាភិបាលកំពុងស្វែងរកដំបូន្មានពីរតនាគារ និងគណៈកម្មការប្រកួតប្រជែង និងអ្នកប្រើប្រាស់អូស្ត្រាលីលើជំហានបន្ទាប់របស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់ Meta។
តែយ៉ាងណាចំពោះការសម្រេចចិត្តរបស់ Meta ឆ្លើយតបទៅនឹងច្បាប់ថ្មីនេះ ជាគំរូទៅដល់ប្រទេសដទៃទៀត មិនត្រឹមតែមិនទទួលបានការបង់ប្រាក់សម្រាប់អ្នកផ្សព្វផ្សាយមាតិកាព័ត៌មានបែបប្រពៃណីនោះទេ ថែមទាំងប៉ះពាល់ដល់អ្នកផ្សាយព័ត៌មានបែបទំនើប ពោលគឺអាចប្រឈមមុខនឹងការបិទមាតិការព័ត៌មានថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។