រកឃើញ​ទីតាំង​ផលិត លក់ និង​រក្សាទុក​ឧបករណ៍​ឆក់​ត្រី​ដ៏​ធំ​មួយ នៅ​ផ្សារ​ស្នួល ខេត្តក្រចេះ

​សមត្ថកិច្ច​ពាក់ព័ន្ធ នៅ​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២៤​បាន​ចុះបង្ក្រាប​ទីតាំង​ផលិត លក់ និង​រក្សាទុក​ឧបករណ៍​ឆក់​ដ៏​ធំ​មួយកន្លែង​ស្ថិតនៅ​ភូមិ​ផ្សារ​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ ។​

​ប្រតិបត្តិការ នេះ​ធ្វើឡើង ដោយ​សមត្ថកិច្ច​ជំនាញ​អធិការដ្ឋាន​រដ្ឋ​បាលជ​ល​ផល​មេគង្គ អធិការ​ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដឹកនាំ​សម្របសម្រួល​ដោយ​លោក រ៉ា បូរ៉ាន់​ឌី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត និង​មានការ​ចូលរួម​ពី​លោក សាម ណា​ល់ អភិបាលស្រុក​ស្នួល អធិការដ្ឋាន​នគរបាល​ស្រុក លោក​មេឃុំ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្នួល និង​លោក​មេភូមិ បាន​ចុះបង្ក្រាប​ទីតាំង​ផលិត ទិញ លក់ និង​រក្សាទុក​ឧបករណ៍​ឆក់​មួយកន្លែង​ស្ថិតនៅ​ភូមិ​ផ្សារ​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល​។ ម្ចាស់​ទីតាំង​ខាងលើ​មានឈ្មោះ សៀង សៀក​ត្រាយ សញ្ជាត​ខ្មែរ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​។

​សមត្ថកិច្ច​រឹបអូស​បាន​វត្ថុតាង​រួមមាន អាំង​វែក​ទ័​រ​ឆក់​ត្រី​ប្រភេទ​ស្រូប និង​ក្តៅ​នាំចូល​ពី​ប្រទេស​ចិន ចំនួន ២២​គ្រឿង អាំង​វែក​ទ័​រ​កែច្នៃ​(​ឆក់​ក្តៅ​)​ចំនួន​១៥​គ្រឿង ប្រអប់​ឈើ​សម្រាប់​កែច្នៃ​អាំង​វែក​ទ័​រ​ឆក់​ត្រី ចំនួន​២៨០​ប្រអប់​។ ក្រៅពី​រឹបអូស​វត្ថុតាង​ទាំងអស់ អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​លក់​ឧបករណ៍​ឆក់​ខុសច្បាប់ ដើម្បី​កសាង​សំណុំ​ឯកសារ​បញ្ជូនទៅ​សាលាតំបូង​ខេត្ត ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ស្តីពី​ជលផល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close