ប្រើប្រាស់ប្លាស្ទិកដាក់អាហារក្ដៅៗ អាចកើតជំងឺច្រើនប្រភេទ និងអាចវិវត្ដន៍ទៅរកជំងឺមហារីក
លោកវេជ្ជបណ្ឌិត អ៊ឹង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ការប្រើប្រាស់ប្លាស្ទិក ដូចជា ចានស្នោ ថង់ ប្រអប់ជ័រ ដាក់ម្ហូបអាហារក្ដៅៗ ពេលចេញជាតិក្ដៅពីប្រអប់នោះ នឹងមានជាតិពុលដែលហានិភ័យដល់សុខភាព ក្នុងនោះរួមទាំងដបទឹកជ័រ បើទុកហាលក្ដៅ ឬក្នុងឡានត្រូវក្ដៅ នោះជាតិប្រេងកាតនឹងចេញពីដបទឹកនោះ ដែលបណ្ដាលឱ្យកើតជំងឺថ្លើម ទឹកនោមផ្អែម និងជំងឺបេះដូង ប្រើយូរជាប្រចាំអាចវិវត្ដន៍ទៅរកជំងឺមហារីក។
ការថ្លែងដូច្នេះរបស់លោកវេជ្ជបណ្ឌិត ក្នុងឱកាសបិទសន្និបាតការងារកំចាត់រោគរបេងទូទាំងប្រទេស លើកទី២៧ នៅសណ្ឋាគារភ្នំពេញ។
លោកវេជ្ជបណ្ឌិត អ៊ឹង ភីរុន បានថ្លែងបន្ដថា «សូមប្រជាពលរដ្ឋយើងប្រើប្រាស់ប្លាស្ទិក ត្រូវតែមានការប្រយ័ត្នប្រយែងខ្ពស់ផង ពេលយកទៅខ្ចប់ម្ហូបអាហារដែលក្ដៅៗ គួរតែចៀសវាង ហើយបើប្រើប្រាស់ គួរតែយកអាលុយមីញ៉ូម ស្លឹកចេក ឬស្លឹកឈូក ដាក់ក្រាលពីក្រោមទៅ ដើម្បីកុំឱ្យជាតិក្ដៅចូលផ្ទាល់នៅក្នុងប្រអប់ ឬចានជ័រនោះ ដែលនាំឱ្យមានហានិភ័យដល់សុខភាព»។
លោកវេជ្ជបណ្ឌិតបានបន្ដថា ការប្រើប្រាស់ប្លាស្ទិក វាផ្ដល់ភាពងាយស្រួល តែហានិភ័យបំផុតពេលចេញជាតិក្ដៅដែលប៉ះដល់សុខភាព។ ដូច្នេះលោកវេជ្ជបណ្ឌិតបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ គួរតែផ្លាស់ប្ដូរទម្លាប់ ជាពិសេសទឹកដបប្រសិនជាអាច កែទម្លាប់គួរតែដាក់ទឹកដបមួយដែលមានអាលុយមីញ៉ូម ឬកែវ ដើម្បីធានាសុខភាពយើង។
លោកបញ្ជាក់យ៉ាងដូច្នេះ គ្រាន់តែជាផ្នែកមួយដែលសារធាតុពីបា្លស្ទិកចូលក្នុងខ្លួនយើងតែប៉ុណ្ណោះ តាមរយៈវេចខ្ចប់អាហារសម្រាប់បរិភោគ ដោយមិនបញ្ចូលការប្រើប្រាស់ប្លាស្ទិកបោះចោល ក្នុងបរិស្ថាននោះទេ៕
ប្រភព៖ Fresh News
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។