បង្រ្កាបថ្នាំញៀនជិត ២០០គីឡូក្រាម ឃាត់ខ្លួនជនល្មើស ៦នាក់ នៅរាជធានីភ្នំពេញ
កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានបង្រ្កាបករណីករណីរក្សាទុក ជួញដូរសារធាតុញៀន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឃាត់ខ្លួនជនល្មើសចំនួន ៦នាក់ រឹបអូសថ្នាំញៀនជិត ២០០គីឡូក្រាម។
នគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ម៉ោង០៩៖៣០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីរក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅ៤ទីតាំងផ្សេងៗគ្នា៖ ទីតាំងទី១ ទល់មុខស្ថានីយទឹកស្អាត សង្កាត់ខណ្ឌជ្រោយចង្វារ, ទីតាំងទី២ បន្ទប់លេខ១១១០ ជាន់ទី១១ ខុនដូរមួយកន្លែង នៅភូមិគៀនឃ្លាំង សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ, ទីតាំងទី៣ ផ្ទះលេខ៦១ ផ្លូវអក្សរវី ០៣ បុរីដឺផ្លរ៉ា ផ្លូវជាតិ៦អា ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះ កម្លាំងជំនាញបានឃាត់ខ្លួនជនល្មើស ៦នាក់រួមមាន៖ ឈ្មោះ លី ប៊ុនមីន ភេទប្រុស ជនជាតិខ្មែរ កើតឆ្នាំ១៩៧១, ឈ្មោះ ប៊ុន ណាវី ភេទស្រី ជនជាតិខ្មែរ កើតឆ្នាំ ១៩៦៤, ឈ្មោះ លី មីង ភេទប្រុស ជនជាតិខ្មែរ កើតឆ្នាំ២០០១, ឈ្មោះ កេះ ស្រីពេញ ភេទប្រុស ជនជាតិខ្មែរ កើតឆ្នាំ១៩៩៩, ឈ្មោះ ប៊ុន ម៉ាលិស ភេទស្រី ជនជាតិខ្មែរ កើតឆ្នាំ១៩៧៤ និងឈ្មោះ ស៊ុយ ឆេងឡាង ភេទស្រី ជនជាតិខ្មែរ កើតឆ្នាំ២០០០ ដោយចាប់យកវត្ថុតាង គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ១៥៨០២៤ក្រាម (១៥៨គីឡូក្រាម និង២៤ក្រាម), គ្រឿងញៀនប្រភេទកេតាមីន (Ketamine) ទម្ងន់ ២២៦៨៤ក្រាម (២២គីឡូក្រាម និង៦៨៤ក្រាម) និងគ្រឿងញៀនប្រភេទហេរ៉ូអ៊ីន (Heroine) ទម្ងន់ ៧៤៣៤ ក្រាម (៧គីឡូក្រាម និង៤៣៤ក្រាម) បើសរុបគ្រឿងញៀនចាប់យកទម្ងន់ ១៨៨១៤២ក្រាម (១៨៨គីឡូក្រាម ១៤២ក្រាម)។
ចំណែកសម្ភារៈចាប់យកបានរួមមាន៖ រថយន្ត ៣គ្រឿង, ប្រាក់ដុល្លារ ៣០ម៉ឺនដុល្លារ និងលុយខ្មែរជាង ១០លានរៀល ដោយបង្កកគណនីធនគារ ២៣គណនី និងដីផ្ទះសរុប ៤៣ប្លង់។ នេះជាករណីដំបូង សម្រាប់ឆ្នាំ២០២៤ ដែលទំហំទឹកប្រាក់បានមកពីផលនៃបទល្មើស ត្រូវបានរឹបអូសយ៉ាងច្រើនសន្ធឹកសន្ធាប់។
ជនល្មើសខាងលើ ត្រូវបានមន្ទីរប្រឆាំងគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនខ្លួន និងវត្ថុតាង ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ មន្ទីរប្រឆាំងគ្រឿងញៀន កំពុងបន្តស៊ើបអង្កេតស្វែងរកបក្ខពួកសមគំនិត និងស្រាវជ្រាវ ស្វែងរកទ្រព្យសម្បត្តិ ទាំងឡាយ ដែលបានមកពីផលនៃបទល្មើស ដើម្បីឈានទៅបង្កក និងរឹបអូសជាសម្បត្តិរដ្ឋតាមនីតិវិធី។
សូមជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់យកការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអាទិភាពបំផុត ដូច្នេះហើយទើបនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យ មន្ទីរប្រឆាំងគ្រឿងញៀនប្រើកណ្តាប់ដៃដែក ដើម្បីបង្ក្រាបគ្រឿងញៀន ជាពិសេសនៅតាមក្លឹបកម្សាន្ត ដែលបង្កប់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន។
ដោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់នេះ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរ បានប្តេជ្ញាចិត្ត និងខិតខំចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដារាជធានី-ខេត្ដ ពិសេសតាមក្លឹបកម្សាន្ត យ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹម ធ្វើយ៉ាងណាបង្ក្រាបឱ្យដល់ឫសគល់នៃបទល្មើស។
ជាការគត់សម្គាល់រយៈពេលចុងក្រោយ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបានបទល្មើសគ្រឿងធំៗជាច្រើនករណី ដែលឧក្រិដ្ឋជនដឹកជញ្ជូន រក្សាទុក្ខ ក្នុងបរិមាណជាច្រើនគីឡូក្រាម ដោយបានឃាត់ខ្លួនជនល្មើសជាច្រើននាក់ បញ្ជូនទៅផ្តន្ទាទោសនៅតុលាការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។