ពលរដ្ឋចោទ អាជ្ញាធរស្រុកអន្លង់វែងយកដីរបស់ពួកគាត់ចែកគ្នាលក់
ក្រោយពីមានការរុះរើផ្ទះសម្បែងរបស់ ប្រជាពលរដ្ឋចំនួន៣៨គ្រួសារ ដែរស្ថិតនៅ ភូមិជប់តាគួន ឃុំអ្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ ប្រជាពលរដ្ឋជាង១រយនាក់មកពី៣៨គ្រួសារ កាលពីថ្ងៃទី១៩ ធ្នូ បានលើកគ្នាបិទផ្លូវ ជាតិលេខ៧៦បេ ហើយចោទថា អាជ្ញាធរស្រុកអន្លង់វែងយកដីរបស់ពួកគាត់ចែកគ្នាលក់ ។
ប្រជាពលរដ្ឋបានអោយដឹងថា ពួកគាត់កាបរានដីហើយរស់នៅទីនេះតាំង ពីឆ្នាំ ២០០៨ រហូតដល់២០១៨ ហើយក្រោយពេលបានក្លាយជាភូមិ ខាងអាជ្ញាធរបានចេញលិខិតឲ្យពួកគាត់ចាកចេញ , ប៉ុន្តែពួកគាត់ពុំមានទីជម្រកផ្សេងក្រៅពីនេះទេ ។
ចរាចរណ៍នៅចំណុចកំណាត់ផ្លូវខាងលើត្រូវបានរាំងស្ទះ , ប៉ុន្តែក្រោយមកត្រូវបានសមត្ថកិច្ចបំបែក។
អ្នកភូមិបានបន្តថា អាជ្ញាធរតែងតែធ្វើបែបនេះ ដើម្បីបានដីចែកគ្នាលក់ ។អាជ្ញាធរស្រុកអន្លង់វែងនៅពេលដែលមានការចោទសួរចំពោះរឿងនេះ បានរុញដាក់គ្នាពីមួយទៅមួយ ដោយគ្មានការទទួលខុសត្រូវ។
លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញអមសាលាដំបូងខេត្តឧត្តរមានជ័យបានឲ្យដឹងថា ការចុះរុះរើលំនៅឋានរបស់រដ្ឋនេះ គឺយោងទៅតាមសំណើរមួយច្បាប់ លេខ០៦៦.០៨.ប.ជ.ល.ឧ.ជ ចុះថ្ងៃទី២៥មករា២០១៨ ដែលចុះហត្តលេខាដោយលោក ជា ពិសិដ្ឋ នាយករដ្ឋបាលសាលាខេត្តស្នើសុំលោកព្រះរាជអាជ្ញារងម្នាក់ ជួយចុះអមជាមួយក្រុមអាជ្ញាធរស្រុក ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។