ក្រសួងកសិកម្ម សុំកុំឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ករណីរឿងសណ្ដែកកួរឡើងថ្លៃ

លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទូចសុំដល់ប្រជាពលរដ្ឋកុំមានការយល់ច្រឡំលើ ករណីរឿងសណ្ដែកកួរឡើងថ្លៃ ដែលគណនី Tik Tok ឈ្មោះ vimean899 បានបង្ហោះវីឌីអូថាសណ្ដែកកួរនាំចូល​លក់បានតម្លៃថ្លៃខ្ពស់ជាងរបស់នៅក្នុងស្រុក ដែលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមានការយល់ច្រឡំ។

កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ មានគណនី Tik Tok ឈ្មោះ vimean899 បានបង្ហោះវីឌីអូមួយរបស់ខ្លួន ទាក់ទិននឹងតម្លៃសណ្ដែកកួរនៅផ្សារដើមគ ដែលលោកបាននិយាយថា បច្ចុប្បន្នសណ្ដែកកួរនៅផ្សារដើមគមានតម្លៃ ១គីឡូ ៤ម៉ឺនរៀល ហើយបន្លែដែលដឹកពីខាងកើតមកបែរជាមានតម្លៃខ្ពស់ជាងបន្លែនៅក្នុងស្រុក ខណៈដែលប្រជាកសិករខ្មែរកំពុងតែទទូចសុំឱ្យមានទីផ្សារ។

ជាមួយនឹងការបដិសេធការបំផុសបំផុលនេះ លោក ឃឹម ហ្វីណង់ បានអះអាងថា៖ «រឿងសណ្តែកកួរឡើងថ្លៃ សូមផ្ញើរជូនប្អូនប្រុសវិមានវិញ សណ្តែកកួរឡើងថ្លៃទាំងនោះមិនមែនជាសណ្តែកកួរនាំចូលនោះទេ តែជាសណ្តែកកួររបស់បងប្អូនកសិករខ្មែរយើង ដែលនៅសេសសល់តិចតួចពីការខូចខាតដោយសារតែអាកាសធាតុក្តៅខ្លាំងពេក ហើយបានធ្វើឱ្យខូចខាតទិន្នផលពួកគាត់រហូតដល់ទៅ៨០% ទៅ៩០%»។

ជាមួយគ្នានេះ លោកបានគូសបញ្ជាក់ថា៖ «កុំថាឡើយតែដំណាំ សូម្បីតែមនុស្សនិងសត្វក៏ធ្លាក់ឈឺពិបាកទ្រាំដែរ តាមពិតទៅយើងមានតែជួយត្រេកអរដល់កសិករយើងទៅវិញទេ ដែលបានថ្លៃល្អហ្នឹងហើយគ្រាន់បានទប់កុំឱ្យសូវខាតនោះ បើសណ្តែកកួរនាំចូលពិតជាមានតម្លៃ ១គីឡូ ៤ម៉ឺនរៀល ហើយសណ្តែកកួរក្នុងស្រុកមិនបាន៥០០រៀលដូចប្អូននិយាយមែន ម៉្លេះសមមានអ្នកធ្វើសេដ្ឋីបាត់ទៅហើយ ព្រោះថាកសិករខ្មែរមិនអន់ដល់ថ្នាក់ដាំសណ្តែកកួរមិនបាននោះទេ ម្តេចមិនដើរប្រមូលទិញយកទៅលក់នៅផ្សារដើមគរទៅ? គោលការណ៍នៃសេដ្ឋកិច្ចទីផ្សារគឺដូច្នេះឯង តែបរិមាណផ្គត់ផ្គង់ថយចុះភ្លាមៗយ៉ាងគំហុកបែបនេះ ប្រាកដជារុញឱ្យថ្លៃកើនឡើងហើយតែក៏នៅមិនយូរដែរ តែថ្លៃល្អបែបនេះប្រាកដជាមានអ្នកសម្រុកនាំចូលពីក្រៅ និងអ្នកសម្រុកដាំ ហើយវានឹងទាញថ្លៃឱ្យថយចុះវិញមិនខាន។ អ្នកហូបទៀតសោតក៏ប្រហែលនឹងប្តូរទៅហូបអីផ្សេងដែរ ព្រោះមិនមែនមានន័យថាយើងអត់ហូបសណ្តែកកួរមិនបានឯណា»។

ទន្ទឹមនឹងនេះ លោកបានបន្តថា៖ «មិនច្បាស់ថាប្អូនយល់ច្រលំ ឬចង់បំពុលទេ តែការនិយាយរបស់ប្អូនពិតជាធ្វើឱ្យមានការយល់ច្រលំដល់សាធារណជន ស្រួលមិនស្រួល នាំឱ្យកសិករផ្អើលនាំគ្នាដាំសណ្តែកកួរដោយរំពឹងថានឹងបានថ្លៃ ហើយនាំឱ្យពួកគាត់ខាតទៀតផង។ ក្រសួងកសិកម្មពិតជាមានការងារច្រើនដែលត្រូវធ្វើ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមរបស់បងប្អូនកសិករយើង នៅក្នុងកាលៈទេសៈដែលការប្រែប្រួលអាកាសធាតុកំពុងតែជៈឥទ្ធិពលយ៉ាងខ្លាំងមកលើផលដំណាំរបស់ពួកគាត់»។

លោកបាន អំពាវនាវដល់ប្រជាពលរដ្ឋទាំងគួរតែជួយចូលរួមរកវិធីដោះស្រាយ ដោយមិនមែនប្រឹងផ្សព្វផ្សាយឱ្យរឹតតែច្របូកប្របល់នោះទេ ហើយលោកសង្ឃឹមថា លោកវិមាននឹងធ្វើការកែតម្រូវកំហុសមួយនេះ៕

ប្រភព៖ Fresh News

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close