តើនឹងមានអ្វីកើតឡើង ប្រសិនបើប្រធានាធិបតីអ៉ីរ៉ង់ម្នាក់ស្លាប់ ក្នុងពេលកំពុងកាន់អំណាច?

(Reuters)៖ ក្រុមអ្នកជួយសង្រ្គោះរបស់អ៉ីរ៉ង់បានរកឃើញឧទ្ធម្ភាគចក្ររបស់លោកប្រធានាធិបតី Ebrahim Raisi ដែលបានធ្លាក់កាលពីអាទិត្យ​ ទី១៩ ខែឧសភាហើយ ដោយមានការបញ្ជាក់ថាមិនមានសញ្ញាថាមានអ្នករស់រានមានជីវិតក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រនេះទេ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទ្ធម្ភាគចក្រដែលត្រូវបានគេរាយការណ៍ថាធ្លាក់ បានដឹកប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៊ីម រ៉ៃស៊ី រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Hossein Amirabdollahian អភិបាលខេត្ត East Azerbaijan លោក Malek Rahmati និងលោក Ayatollah Mohammad Ali Ale-Hashem ជាតំណាងរបស់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ali Khamenei ប្រចាំខេត្ត East Azerbaijan។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ IRNA។

លោក រ៉ៃស៊ី និងក្រុមមន្ត្រីអមដំណើររូបលោកបានធ្វើដំណើរត្រឡប់មកពីធ្វើ​ទស្សនកិច្ច​នៅឯតំបន់ព្រំដែនអ៉ីរ៉ង់ ជាមួយអាស៊ែបៃហ្សង់កាលពីថ្ងៃអាទិត្យ ដើម្បីចូលរួមសម្ពោធ​ទំនប់​ទឹកមួយកន្លែងជាមួយប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev។ ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់បានបញ្ជាក់ជាបឋមថា ឧទ្ធម្ភាគចក្រនេះបានធ្លាក់ដោយសារតែអាកាសធាតុអាក្រក់ និងអ័ព្ទខ្លាំងពេក។ មិនទាន់មានព័ត៌មានបញ្ជាក់ផ្លូវការនៅឡើយទេ តែបើប្រធានាធិបតីអ៉ីរ៉ង់ ពិតជាស្លាប់មែន តើនឹងមានរឿងអ្វីកើតឡើង។

តាមមាត្រា១៣១ នៃរដ្ឋធម្មនុញ្ញអ៉ីរ៉ង់ ប្រសិនបើប្រធានាធិបតីម្នាក់ស្លាប់ ឬអសមត្ថភាពដោយប្រការណាមួយ នោះអនុប្រធានាធិបតីទី១ នឹងត្រូវឡើង កាន់តំណែងជាប្រធានាធិបតី ដោយត្រូវឆ្លងកាត់ការយល់ព្រមពីមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ដែលជាអ្នកមានសិទ្ធិសម្រេច លើគ្រប់កិច្ចការនៅអ៉ីរ៉ង់។ អនុប្រធានាធិបតីទី១របស់អ៉ីរ៉ង់សព្វថ្ងៃគឺលោក Mohammad Mokhber។ ក្រោយមក ក្រុមប្រឹក្សាមួយមានសមាជិកដូចជា អនុប្រធានាធិបតីទី១ ប្រធានសភា និងប្រធានតុលាការ នឹងត្រូវរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីក្នុងរយៈពេលមិនលើសពី៥០ថ្ងៃទេ។

លោក Ebrahim Raisi បានជាប់ឆ្នោតជាប្រធានាធិបតីអ៉ីរ៉ង់ ក្នុងឆ្នាំ២០២១ ខណៈការបោះឆ្នោតប្រធានាធិបតីអាណត្តិថ្មីនឹងត្រូវធ្វើឡើងនៅឆ្នាំ២០២៥។ លោក Raisi ក៏ជាមនុស្សម្នាក់ដែលត្រូវបានគេរំពឹងថាអាចនឹងក្លាយជាមេដឹកនាំកំពូលអ៉ីរ៉ង់នៅពេលអនាគត បន្តពីលោក Ali Khamenei ផងដែរ៕

ប្រភព៖ Fresh News

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close