ថ្ងៃស្អែកសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីសម្ពោធវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» និងអបអរសាទរខួប២០ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាម
(ភ្នំពេញ)៖ នៅថ្ងៃសៅរ៍ ៧រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីសម្ពោធវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» និងអបអរសាទរខួប២០ឆ្នាំនៃការបិទបញ្ចប់ភ្លើងសង្គ្រាមនៅក្នុងប្រទេសកម្ពុជា ក្រោម «នយោបាយឈ្នះ-ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន។
ពិធីសម្ពោធវិមានដែលជានិមិត្តរូបនៃការបង្រួបបង្រួមជាតិ ពន្លត់នូវភ្លើងសង្គ្រាមនាំមកនូវសុខសន្តិភាពនេះ ក៏ដូចជាការអបអរសាទរខួប២០ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា នឹងត្រូវប្រារព្ធធ្វើឡើងយ៉ាងមហោឡារឹកដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អ្នកសិល្បៈ សិស្សនិស្សិត និងប្រជាពលរដ្ឋរាប់ពាន់នាក់។
ការប្រារព្ធពិធីសម្ពោធវិមាននយោបាយឈ្នះ-ឈ្នះ និងការអបអរសាទរខួប២០ឆ្នាំនៃការបិទបញ្ចប់ភ្លើងសង្គ្រាមនេះ នឹងធ្វើឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ដោយពេលរាត្រីនឹងមានការបាញ់កាំជ្រួច និងការប្រគំតន្ត្រីសម្រាប់ជាការកម្សាន្តរបស់ប្រជាពលរដ្ឋ។ បន្ថែមពីលើនោះ ក៏នៅមានព្រឹត្តិការណ៍ផ្សេងៗជាច្រើនទៀត រួមជាការតាំងពិព័រណ៍ផលិតផលជាច្រើនផងដែរ។
កម្ពុជាបានរងការខ្ទេចខ្ទាំស្ទើរខ្លាចជាផេះផង់ ប្រជាពលរដ្ឋរងទុក្ខវេទនាមិនអាចគណនាដោយសារតែទំហំនៃភ្លើងសង្គ្រាមក្នុងរយៈពេលប្រមាណជា ៣០ឆ្នាំចុងក្រោយ មុននឹងពន្លឺសុខសន្តិភាពឈានចូលមកដល់នៅចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន។
មកដល់ពេលបច្ចុប្បន្ននេះសុខសន្តិភាពដែលជាតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ជាតិកម្ពុជាមានរយៈពេល២០ឆ្នាំហើយ។ ម្លប់សន្តិភាពរយៈពេល ២០ឆ្នាំនេះ បានធ្វើឲ្យកម្ពុជាមានការរីកចម្រើនខ្លាំងគ្រប់វិស័យ ប្រជាពលរដ្ឋបានរស់នៅប្រកបដោយភាពសុខដុម ជាមួយនឹងជីវភាពកាន់តែប្រសើរ។
ការសាងសង់ឡើងនូវវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» គឺជាការកសាងឡើងនូវនិមិត្តរូបនៃការបង្រួបបង្រួមជាតិ បិទបញ្ចប់នូវភ្លើងសង្គ្រាម នាំមកនូវសុខសន្តិភាព។ វិមានអនុស្សាវរីយ៍នេះ ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំ ៨ហិកតា មានកម្ពស់ ៥៤ម៉ែត្រ និងទទឹង ៣៦ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចំពីមុខពហុកីឡាដ្ឋានមរតកតេជោ ក្នុងតំបន់អភិវឌ្ឍន៍លីយ៉ុងផាត់។
វិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» ត្រូវបានបើកការដ្ឋានសាង់សង់នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦។ វិមាននេះបានសាងសង់ដោយស្នាដៃកូនខែ្មរសុទ្ធសាទ និងត្រូវបានសាងសង់ឡើងដោយបានដកស្រង់ចេញពីខ្លឹមសារគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។
វិមានអនុស្សាវរីយ៍ជាប្រវត្តិសាស្ត្ររបស់កម្ពុជាមួយនេះ ត្រូវបានសាងសង់ឡើងដោយបញ្ជាក់នូវអត្ថន័យដ៏មានសារសំខាន់ចំនួនបីរួមមាន៖ ទី១. កំពូលវិមានដែលមានជ្រុងបីតំណាងឲ្យនយោបាយគន្លឹះសំខាន់ៗចំនួន៣នាំឲ្យនយោបាយឈ្នះ-ឈ្នះទទួលបានជោគជ័យ (ទី១. ការធានារូបកាយ និងអាយុជីវិត, ទី២. ធានាអាជីព និងមុខរបរ និងទី៣. ការធានាកម្មសិទ្ធិ និងទ្រព្យសម្បត្តិ ទាំងចលនទ្រព្យ និងអចលនទ្រព្យ), ទី២. តួវិមាន ដែលមានជ្រុង៥ តំណាងឲ្យយុទ្ធសាស្ដ្រ DIFID (បំបែក ឯកោ បញ្ចប់ ធ្វើសមាហរណកម្ម និង អភិវឌ្ឍ) ដែលជាយុទ្ធសាស្ដ្ររំលាយអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម និងសារសំខាន់ទី៣. តួវិមានមានជ្រុងប្រាំពីរ តំណាងកត្តានាំឲ្យនយោបាយឈ្នះ-ឈ្នះ ទទួលបានជោគជ័យ។
បរិវេណនៃវិមានអនុស្សាវរីយ៍នេះ មានចែកចេញជា ៣តំបន់រួមមាន៖
តំបន់ទី១៖ តួវិមានឈ្នះ-ឈ្នះ ដែលបង្ហាញពីនយោបាយឈ្នះ-ឈ្នះ ដោយបង្កប់នូវអត្ថន័យទៅលើការធានា៣យ៉ាង…យុទ្ធសាស្ត្រទាំង៥នៃការរំលាយអង្គការខ្មែរក្រហម និងកត្តាទាំង៧ដែលធ្វើឲ្យនយោបាយ ឈ្នះ ឈ្នះ ទទួលបានជោគជ័យ។ នៅជុំវិញតួវិមានសាងសង់ជា ចម្លាក់ហង្ស គ្រុឌ និងរូបដំរីក្បាលបី នាគ និង តោ។
តំបន់ទី២៖ គឺតំបន់សាមគ្គីផល ដែលដាំដើមឈើ មានតាំងរថ គ្រោះ រថពាសដែក និងយន្តហោះធ្វើសឹកសង្គ្រាមចាស់ៗ។
តំបន់ទី៣៖ ជាតំបន់សុខដុមរមណីយកម្ម ដែលមាន ការសាង់សំណង់តាមរចនាបថប្រាសាទព្រះវិហារ ប្រាសាទសម្បូរព្រៃគុក ប្រាសាទបាយ័នជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។