ព្រៃលិចទឹកតំបន់៣ចំណុចទំនប់៧៨សង្កាត់ជ្រាវ ក្រុងសៀមរាប កំពុងប្រឈមមហន្តរាយ ខណៈអាជ្ញាធរជំនាញធ្វើមិនដឹង
ខេត្តសៀមរាប៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ដីព្រៃលិចទឹកនៅក្នុងតំបន់ ៣ ចំណុចទំនប់៧៨ នៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប មានការឈូសឆាយទន្ទ្រានកាន់កាប់ព្រៃលិចទឹកយ៉ាងអនាធិបតេយ្យរាប់រយហិកតា ទោះជាសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ចាត់ វិធានការក្ដៅគគុក និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់យ៉ាង ណាក៏ដោយ។ រីឯអាជ្ញាធរមូលដ្ឋាន ក៏ដូចជាថ្នាក់ខេត្តហាក់ដូចជាមិនចាប់អារម្មណ៍ ចំពោះមហន្តរាយព្រៃលិច ទឹកនោះឡើយ។
គេសង្កេតឃើញថា នៅតំបន់៣ព្រៃលិចទឹកស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានលើកឡើងថា មានក្រុមខិលខូច បានដាក់គ្រឿងចក្រ ចូលទៅកាប់ទន្ទ្រានឈូសឆាយដីព្រៃលិចទឹក រាប់រយហិកតា។ បុរសម្នាក់បញ្ជាក់ប្រាប់ក្រុមអ្នកយកព័ត៌មាននៅនឹងទីតាំងឈូសឆាយព្រៃ លិចទឹកនោះថា មិនឲ្យក្រុមការងារចូលថតសកម្មភាពឈូសឆាយនៅខាងក្នុងនោះទេ ព្រោះគាត់ជាអ្នកមើលការខុសត្រូវឲ្យឈ្មោះ មង្គល។ បុគ្គលខាងលើបន្តថា អ្នកដែលឲ្យមកឈូសឆាយទន្ទ្រាននេះ គឺគេមានច្បាប់និងលិខិតកាប់កាប់ត្រឹមត្រូវ ដែលមានទំហំដី ៧៧ ហិកតា ហើយសកម្មភាពឈូសឆាយនេះ គឺឈូសក្រវ៉ាត់ព្រំដី។
ប្រជាពលរដ្ឋនៅសង្កាត់ជ្រាវ បានលើកឡើងថា ត្រីងៀត កំពុងឆ្លៀតពង នៅក្នុងព្រៃលិចទឹកក្នុងតំបន់៣ ការឈូសឆាយតំបន់ខាងលើ គ្រោងនឹងបានឈូសឆាយរាប់រយហិកតាបន្ថែមទៀត យកដីលក់ ពីអ្នកមានអំណាចមួយចំនួន ដោយអែបទៅនិងលិខិតកាន់កាប់ស្របច្បាប់ចំនួន ៧៧ហិកតា របស់ឈ្មោះមង្គល។ ប្រភពដាក់ការ សង្ស័យថា វាជាការឃុបឃិតគ្នាជាប្រព័ន្ធរបស់ពួកឈ្មួញនិងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ នៅក្នុងខេត្ត សៀមរាប។ ប្រជាពលរដ្ឋចោទជាសំណួរថា តើហេតុអ្វី បានជាអាជ្ញាធរមិនដឹងអំពីបញ្ហា នៃការឈូសឆាយដីព្រៃនៅតំបន់៣យ៉ាងដូច្នេះ? តើខាងមន្ទីរកសិកម្មខេត្ត សៀមរាបបានដឹងអំពីមហន្តរាយនេះឬទេ? ថ្នាក់ដឹកនាំខេត្តសៀមរាបក្រោមការគ្រប់គ្រងដឹកនាំរបស់លោក ប្រាក់ សោភ័ណ្ឌ បានដឹងអំពីបញ្ហានេះឬទេ?
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។