រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ស្នើសុំតុលាការកុំឱ្យបញ្ចូលករណីឃាតកម្មប្រព្រឹត្តដោយឈ្មោះ ស្រី ស៊ីណា ទៅជាសំណុំរឿងតែមួយ និងស្នើកុំឱ្យមានការអនុវត្តវិធានស្រូបទោស

ក្នុងសន្និសីទសារព័ត៌មាន នៅទីស្តីការក្រសួងយុត្តិធម៌កាលពីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤នេះ លោក​ កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានផ្ទាល់ និងទៅកាន់សាធារណជនតាមរយៈការផ្សាយផ្ទាល់យ៉ាងដូច្នេះថា លោកស្នើសុំតុលាការកុំឱ្យបញ្ចូលសំណុំរឿងនៃករណីឃាតកម្មប្រព្រឹត្តដោយឈ្មោះ ស្រី ស៊ីណា ទៅជាសំណុំរឿងតែមួយ និងស្នើកុំឱ្យមានការអនុវត្តវិធានស្រូបទោសលើជនល្មើសរូបនេះ។

តាមរយៈសន្និសីទសារព័ត៌មាន លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ថ្លែងថា៖ “ខ្ញុំស្នើសុំទៅតុលាការ សូមកុំឱ្យបញ្ចូលសំណុំរឿងទាំងពីរនេះទៅជាសំណុំរឿងតែមួយ និងស្នើសុំទៅតុលាការគ្រប់ជាន់ថ្នាក់ (ក្នុងករណីមានបណ្ដឹងច្រើនថ្នាក់) សុំកុំឱ្យមានការអនុវត្តវិធានស្រូបទោស ដើម្បីធានាថាជននេះនឹងត្រូវអនុវត្តទោសតាមសាលក្រម ឬសាលដីកាជាបន្តបន្ទាប់ចំពោះសំណុំរឿងទាំងពីរនេះ ដោយអនុវត្ត (ទោស) ចប់មួយចូលទៅអនុវត្ត (ទោស) ក្នុងសាលក្រមមួយទៀតបន្ត”។ ទន្ទឹមនឹងនេះ លោក កើត រិទ្ធ​ បានថ្លែងអំណរគុណទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្រេចបំបែកសំណុំរឿងនេះជាពីរ ដើម្បីផ្តន្ទាទោសជនល្មើស ស្រី ស៊ីណា និងដើម្បីឱ្យជននេះរងនូវទោសជាអតិបរមាដែលសំណុំរឿងនីមួយៗ និងអាចត្រូវប្រឈមការផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់១៥ឆ្នាំ។

គួរបញ្ជាក់ថា ចំពោះសំណុំរឿងករណីបាញ់ប្រហារនៅខណ្ឌច្បារអំពៅដែលមានជនត្រូវចោទឈ្មោះ ស្រី ស៊ីណា ភេទប្រុស អាយុ ៥០ឆ្នាំ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ និងបំបែកករណីនេះជា ០២ (ពីរ) សំណុំរឿង ដោយសំណុំរឿងទី១៖ (ជនរងគ្រោះស្លាប់ពីរនាក់) អយ្យការបានធ្វើការចោទប្រកាន់ឈ្មោះ ស្រី ស៊ីណា ពីបទ “ឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត” ដែលទណ្ឌកម្មក្នុងសំណុំរឿងនេះ ជនត្រូវចោទប្រឈមនឹងការផ្តន្ទាទោស រហូតដល់ ១៥ (ដប់ប្រាំ) ឆ្នាំ និងសំណុំរឿងទី២ (ជនរងគ្រោះរបួសពីរនាក់) អយ្យការបានធ្វើការចោទប្រកាន់ឈ្មោះ ស្រី ស៊ីណា ពីបទ “ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត” ដែលទណ្ឌកម្មក្នុងសំណុំរឿងនេះ ជនត្រូវចោទប្រឈមនឹងការផ្តន្ទាទោស រហូតដល់ ១៥ (ដប់ប្រាំ) ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close