ប្រជាជនចិន ជាង ២៤០ ០០០នាក់ ត្រូវបានជម្លៀស ដោយសារព្យុះភ្លៀង នៅភាគខាងកើតប្រទេស

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃពុធ ទី៣ ខែកក្កដានេះបានរាយការណ៍ថាមនុស្សជាង ២៤០ ០០០នាក់ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព នៅឯ ភាគខាងកើតនៃប្រទេស ស្របពេលព្យុះភ្លៀងកំពុងលុកលុយតំបន់ជាច្រើន និងធ្វើឱ្យកម្ពស់ទឹកទន្លេ Yangtze រួមទាំងទន្លេដទៃទៀតហក់ឡើងខ្ពស់គួរឱ្យព្រួយបារម្ភ។ នេះបើតាមការចេញដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ AFP។

ទីភ្នាក់ងារសារព័ត៌មានចិន Xinhua បាននិយាយថាព្យុះភ្លៀងបានបង្កផលប៉ះពាល់ដល់ប្រជាជន ៩៩១ ០០០នាក់ នៅក្នុងខេត្ត Anhui និងបង្ខំឱ្យមនុស្សអាជ្ញាធរជម្លៀស មនុស្ស ២៤២ ០០០នាក់ ទៅកាន់ទីទួលមានសុវត្ថិភាពគិតត្រឹមរសៀលថ្ងៃអង្គារម្សិលមិញ។ បើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនដដែលនេះ គិតត្រឹមម៉ោង ៤រសៀល កាលពីថ្ងៃអង្គារ ព្យុះភ្លៀងបានបង្កការខូចខាតធ្ងន់ធ្ងរ នៅក្នុងតំបន់ និងស្រុកចំនួន៣៦ នៅក្នុងខេត្ត Anhui ខណៈ Yangtze ដែលជាទន្លេវែងជាងគេបំផុតរបស់ចិន មានកម្រិតទឹកហក់ឡើងខ្ពស់លើសកម្រិតប្រកាសអាសន្ន ហើយអាចនឹងបន្តកើនឡើងថែមទៀត។

បន្ថែមពីលើនេះ ព្យុះភ្លៀងក៏បានធ្វើទឹកទន្លេ ២០កន្លែង និងបឹង៦ផ្សេងទៀត នៅក្នុងខេត្ត Anhui ហក់ឡើងខ្ពស់លើសកម្រិតប្រកាសអាសន្នផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close