៦ខែ​ដើមឆ្នាំ២០២៤ កម្ពុជានាំចេញអង្ករជាង ៣៣៨ពាន់តោន​ទៅបរទេស

បើតាមប្រភពពីសហព័ន្ធស្រូវអង្ករកម្ពុជាឱ្យដឹងថា ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៤ ប្រទេសកម្ពុជាបានសម្រេចការនាំចេញអង្ករបានចំនួនជាង ៣៣៨ ពាន់តោន ដែលគិតជាទឹកប្រាក់មានចំនួនជាង ២៤៧.៦០លានដុល្លារអាមេរិក និងមានការនាំចេញស្រូវទៅកាន់ប្រទេសជិតខាងចំនួនជាង ២,៥លានតោន គិតជាទឹកប្រាក់ប្រមាណ ៧២៧លានដុល្លារអាមេរិក ដែលចំណូលសរុបមានជិត ១ពាន់លានដុល្លារអាមេរិក។

តាមប្រភពដែលដកស្រង់ពីទិន្នន័យរបស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២៤នេះ កម្ពុជាមានការនាំចេញអង្ករសរុបចំនួន ៣៣៨,៦៥៤តោន គិតជាទឹកប្រាក់ ២៤៧,៦០លានដុល្លារអាមេរិក តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥១ និងនាំទៅកាន់គោលដៅចំនួន ៦៣។ ទិន្នន័យនៃការនាំចេញអង្ករលម្អិតរួមមាន៖ ការនាំចេញអង្ករទៅកាន់ ២៦ប្រទេសក្នុងទ្វីបអឺរ៉ុបមានចំនួន ១៥៦,៧៨៩តោន គិតជាទឹកប្រាក់ ១២១.៣២លានដុល្លារអាមេរិក, នាំចេញទៅកាន់ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តចំនួន ៧៥,៣៩៨តោន គិតជាទឹកប្រាក់ ៤៧.០១លានដុល្លារអាមេរិក, នាំចេញទៅកាន់ ៧ប្រទេសជាសមាជិកអាស៊ានចំនួន ៧៤,៥៥៤តោន គិតជាទឹកប្រាក់ ៥១.៨៥លានដុល្លារអាមេរិក និងនាំចេញទៅកាន់២៧ប្រទេសផ្សេងៗ នៅអាហ្វ្រិក និងមជ្ឈិមបូព៌ាចំនួន ៣១,៩១៣តោន គិតជាទឹកប្រាក់ ២៧.៤២លានដុល្លារអាមេរិក។

អង្ករដែលត្រូវនាំចេញទៅកាន់ទីផ្សារអន្តរជាតិរួមមាន៖ អង្ករក្រអូបគ្រប់ប្រភេទ ៧០,៦៣ភាគរយ, អង្ករ-ស គ្រាប់វែង ២៥,០៧ភាគរយ, អង្ករចំហុយ ២,៥៧ភាគរយ, អង្ករសេរីរាង្គ ១,៤៨ភាគរយ និងអង្ករផ្សេងៗទៀត ០,២៥ភាគរយ។ ដោយឡែក ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២៤នេះ កម្ពុជាមានការនាំចេញស្រូវទៅកាន់ប្រទេសជិតខាងសរុបចំនួន ២,៥២៨,០១១តោន គិតជាទឹកប្រាក់ ៧២៧.៣៦លានដុល្លារអាមេរិក។

តាមទិន្នន័យសរុប កម្ពុជាទទួលបានចំណូលពីការនាំចេញអង្ករ​ចំនួន ២៤៧.៦០លានដុល្លារអាមេរិកនិងស្រូវចំនួន ៧២៧.៣៦លានដុល្លារអាមេរិក និងសរុបចំនួន ៩៧៤.៩៦ ក្នុងរយៈពេល​ ៦ខែ​ ដើមឆ្នាំ២០២៤៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close