កម្ពុជា នាំចេញមៀនស្រស់ជាង ១.៤ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងឆមាសទី១

ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជានាំចេញមៀនស្រស់ទៅកាន់ទីផ្សារអន្តរជាតិ​​ចំនួន ១៤ ៨១៧ តោនកើនឡើង ១២០.៣៣% ដែលជំរុញឱ្យដំណាំនេះ កាន់តែមានសក្តានុពលក្នុងការនាំចេញ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ថា ទីផ្សារដែលបានស្រូបយកការ​នាំចេញមៀនស្រស់របស់កម្ពុជាច្រើនជាងគេ គឺទីផ្សារប្រទេសចិន បន្ទាប់ពីចិនអនុញ្ញាតឱ្យកម្ពុជា បាននាំចេញមៀនស្រស់ ទៅ​ដោយផ្ទាល់កាលពីឆ្នាំ២០២២។

កញ្ញា បញ្ជាក់ទៀតថា «​យើងឃើញថា ចាប់តាំងពីយើងចរចាបើកទីផ្សារ ហើយបានសម្រេចការនាំចេញដំបូងនៅចុងឆ្នាំ២០២២ យើងឃើញថាផ្លែមៀនស្រស់របស់កម្ពុជាត្រូវមាត់ប្រជាជនចិន ហើយការកុម្ម៉ង់បានកើនឡើងជាបន្តបន្ទាប់ ពីមួយឆ្នាំទៅមួយឆ្នាំ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម ដែលធ្វើការជាមួយកសិករ ដើម្បីដាំដុះមៀនដែលស្របតាមស្តង់ដារបច្ចេកទេស និងតម្រូវការរបស់ទីផ្សារប្រទេសចិន​ ជារឿងមួយដែលធានានូវស្ថេរភាពនៃការផ្គត់ផ្គង់មៀនស្រស់ ទៅកាន់ទីផ្សារប្រទេសចិន។ ហើយប្រជាកសិករដែលដាំដុះមៀនស្រស់ ដោយអនុលោមទៅតាមស្តង់ដាររបស់អាជ្ញាធរគយចិននេះ គឺគាត់លក់ចេញបាននៅក្នុងតម្លៃខ្ពស់ បើធៀបនឹងកសិករដែលគាត់ដាំដុះតាមលក្ខណៈប្រពៃណី»។

សូមជម្រាបថា កម្ពុជាបានចាប់ផ្តើមនាំចេញផ្លែមៀនប៉ៃលិនស្រស់ ទៅទីផ្សារប្រទេសជាលើកដំបូង កាលពីខែតុលា ឆ្នាំ២០២២ បន្ទាប់ពីការចរចាលក្ខខណ្ឌតម្រូវភូតគាមអនាម័យ ​និងបានដាក់លក់ជាផ្លូវការ​ នៅលើទីផ្សារអនឡាញរបស់ Alibaba Group កាលពីថ្ងៃពី១២ ខែធ្នូ ឆ្នាំ២០២២ ដែលធ្វើឱ្យអ្នកប្រើប្រាស់នៅចិន កាន់តែច្រើន​ស្គាល់ពីផលិតផលកសិកម្មកម្ពុជា ព្រោះចិនជាទីផ្សារធំដែលមានប្រជាជនជាង ១៤០០លាននាក់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close