លោក ដូណាល់ ត្រាំ ត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារចំត្រចៀកខាងស្តាំ អំឡុងការប្រមូលផ្តុំយុទ្ធនាការបោះឆ្នោត
លោក ដូណាល់ ត្រាំ ត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារចំត្រចៀកខាងស្តាំ ក្នុងអំឡុងពេលការប្រមូលផ្តុំយុទ្ធនាការក្នុងក្រុង Butler រដ្ឋផេនស៊ីលវ៉ានៀ ដែលបង្កឱ្យមានការភ័យស្លន់ស្លោ។
ក្រោយកើតហេតុ ភ្នាក់ងារសម្ងាត់បានរាយការណ៍នៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្មាន់កាំភ្លើងរូបនោះបានស្លាប់ អ្នកចូលរួមក្នុងការប្រមូលផ្តុំម្នាក់បានស្លាប់ ខណៈអ្នកទស្សនាពីរនាក់ផ្សេងទៀតរងរបួស។ សារព័ត៌មានរ៉យទ័រយោងតាមប្រភពដែលខ្លួនទទួលបានឱ្យដឹងថា ឧប្បត្តិហេតុនេះ កំពុងត្រូវបានស៊ើបអង្កេតថា ជាការប៉ុនប៉ងធ្វើឃាត។ អតីតប្រធានធិបតីវ័យ៧៨ឆ្នាំរូបនេះ ទើបតែចាប់ផ្តើមសុន្ទរកថារបស់ខ្លួន នៅពេលដែលការបាញ់ប្រហារបានផ្ទុះឡើង។ លោកបានឱនពួនយ៉ាងលឿននៅពីក្រោយវេទិកាសុន្ទរកថា ខណៈអង្គរក្សរបស់លោកបានប្រញាប់ប្រញាល់រត់ទៅលើឆាក បន្ទាប់មកពួកគេបានគ្រាលោក ត្រាំ ដែលមុខមានប្រលាក់ឈាម ចុះពីលើវេទិកា ហើយចូលទៅក្នុងរថយន្តរបស់ពួកគេ។ បន្ទាប់ពីការបាញ់ប្រហារលោក ត្រាំ បានបង្ហោះសារនៅលើវេទិកាសង្គម Truth Social របស់លោកថា៖«គ្រាប់កាំភ្លើងបាញ់ទម្លុះផ្នែកខាងលើនៃត្រចៀកខាងស្តាំរបស់ខ្ញុំ ដែលបង្កឱ្យមានការហូរឈាមជាច្រើន»។
អត្តសញ្ញាណ និងហេតុផលរបស់ខ្មាន់កាំភ្លើងមិនទាន់ត្រូវបានបញ្ជាក់ច្បាស់លាស់ភ្លាមៗទេ ប៉ុន្តែគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ បានថ្កោលទោសអំពើហិង្សានេះយ៉ាងឆាប់រហ័ស។ ការបាញ់ប្រហារនេះ បានកើតឡើងតិចជាងបួនខែមុនការបោះឆ្នោតថ្ងៃទី៥ ខែវិច្ឆិកា នៅពេលដែលលោក ត្រាំ ប្រឈមមុខនឹងប្រកួតប្រជែងជាថ្មីម្ដងទៀតជាមួយគូរប្រជែងចាស់ ពោលគឺប្រធានាធិបតីប្រជាធិបតេយ្យ ចូ បៃឌិន។ ការស្ទង់មតិភាគច្រើនបង្ហាញថា អ្នកទាំងពីរទទួលបានសំឡេងគាំទ្រប្រហាក់ប្រហែលគ្នា។ ជុំវិញឧប្បត្តិហេតុនេះ លោក បៃឌិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «សហរដ្ឋអាម៉េរិកមិនគួរមានអំពើហិង្សាបែបនេះទេ ហើយយើងត្រូវតែរួបរួមជាប្រទេសតែមួយ ដើម្បីថ្កោលទោសសកម្មនេះ»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។