ប្រទះឃើញជ្រូកទឹកក្នុងសមុទ្រខេត្តកំពត

ក្រុមបច្ចេកទេសនៃអង្គការអភិរក្សសមុទ្រកម្ពុជា ហៅកាត់ថា MCC បានប្រកាសពីដំណឹងរីករាយមួយ ក្រោយក្រុមខ្លួនបានប្រទះឃើញវត្តមានជ្រូកទឹក ជា​ប្រភេទ​ងាយ​រងគ្រោះ​លើ​ពិភពលោកក្នុងដែនសមុទ្រកម្ពុជា ខេត្តកំពត។ នេះបើតាមការបញ្ជាក់របស់អង្គការអភិរក្សសមុទ្រកម្ពុជា កាលពីថ្ងៃទី១៤កក្កដា ឆ្នាំ២០២៤។

អង្គការអភិរក្សសមុទ្រកម្ពុជា បង្ហាញថា៖«យើងមានសេចក្ដីរំភើបរីករាយក្នុងការចែករំលែកព័ត៌មានមួយនេះទៅកាន់អ្នកស្រឡាញ់ធម្មជាតិ នេះជាវីដេអូជ្រូកទឹកនៅក្នុងសមុទ្រខេត្តកំពត ក្នុងអំឡុងពេលនៃការសិក្សារស្រាវជ្រាវថនិកសត្វសមុទ្ររបស់យើងកាលពីសប្តាហ៍ទី១ ក្នុងខែកក្កដា ឆ្នាំ២០២៤»។ សត្វសមុទ្រដ៏កម្រមួយនេះ គឺជាសញ្ញាបង្ហាញថាជីវចម្រុះសមុទ្រមានភាពល្អប្រសើរ និងជាប្រភេទសត្វដែលងាយរងគ្រោះ។ របកគំហើញនេះមិនត្រឹមតែជាលើកទីមួយសម្រាប់តំបន់របស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបោះជំហានទៅមុខដ៏សំខាន់សម្រាប់ការស្រាវជ្រាវ និងអភិរក្សថនិកសត្វសមុទ្រដ៏អស្ចារ្យទាំងនេះនៅក្នុងប្រទេសកម្ពុជាផងដែរ។ ទន្ទឹមនឹងការប្រកាសពីវត្តមានសត្វប្រភេទ​ងាយ​រងគ្រោះ​លើ​ពិភពលោកនៅខេត្តកំពតនេះ អង្គការអភិរក្សសមុទ្រកម្ពុជា បង្ហាញនៅក្ដីសង្ឃឹមថា ពលរដ្ឋគ្រប់រូបរួមគ្នាការពារដល់ជ្រូកទឹកនេះ និងសត្វសមុទ្រផ្សេងទៀតឱ្យនៅតែបន្តមានវត្តមាននៅក្នុងសមុទ្ររបស់យើង។

គួរជម្រាបថា ជ្រូក​ទឹកជា​ប្រភេទ​មាន​ដោយ​កម្រ និង​បាន​ចុះបញ្ជី​ក្រហម IUCN (VU) ជា​ប្រភេទ​ងាយ​រងគ្រោះ​លើ​ពិភពលោក ប្រភេទ​នេះ​ត្រូវបាន​ចុះបញ្ជី​ឧបសម្ព័ន្ធ១ របស់​អនុសញ្ញា សាយ​តេស​។ ជ្រូកទឹក មានទំហំ​ធំ​ប្រហាក់ប្រហែល​នឹង​ផ្សោត​ដែរ ប៉ុន្តែ​វា​ធាត់​ជាង​ហើយ​មាន​ភ្លុក​២ ​ដូច​ដំរី ដែល​ដុះ​ចេញពី​អញ្ចាញធ្មេញ និង​មាន​ព្រុយ​ចំហៀង​ធំ​រាង​ដូច​ច្រវា​ទូក​។ វា​មាន​ស្បែក​រលោង​ពណ៌​ត្នោត ឬ​ប្រផេះ​ក្រ​ម៉ៅ និង​ដុះ​រោម​មួយ​។ រន្ធ​ច្រមុះ​ស្ថិតនៅ​ទីតាំង​ចុង​ច្រមុះ ហើយ​មាន​សន្ទះ​គ្រប​សម្រាប់​បិទ​នៅពេល​វា​មុជ​ទៅក្នុង​ទឹក​។ គេសន្និដ្ឋានថា ខ្លួនវាពេលដែលទើបកើតមានប្រវែង១ទៅ១,៥​ម៉ែត្រ ហើយមានទម្ងន់២៥ទៅ៣៥​គីឡូក្រាម។ ដោយឡែក នៅពេលពេញវ័យវាអាចមានប្រវែងពី៣,៣ទៅ៤,១​ម៉ែត្រ និង​ទម្ងន់១ពាន់គីឡូក្រាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close