នៅហ្វីលីពីន ៖ ស្លាប់កើន៦៨នាក់ហើយដោយសារព្យុះវាយប្រហារ
មន្ត្រីការពារជនស៊ីវិលហ្វីលីពីន បានបញ្ជាក់កាលពីថ្ងៃទី៣១ ខែធ្នូ ថា ជនរងគ្រោះបាត់បង់ជីវិតដោយសារខ្យល់ព្យុះវាយប្រហារភ្លាម២ក្រោយបុណ្យគ្រីស្ទម៉ាសនោះកើនឡើង៦៨នាក់ហើយ ៗចំនួននេះ នឹងបន្តកើនទៀត ។
គ្រាន់តែតំបន់ភ្នំ Bicol ភាគអាគ្នេយ៍ទីក្រុង ម៉ានីល ប៉ុណ្ណោះ ជនរងគ្រោះបាត់បង់ជីវិត៥៧នាក់ ខណ១១នាក់ផ្សេងទៀតរងគ្រោះនៅដែនកោះភាគកណ្តាល Samar ។ ជនរងគ្រោះភាគច្រើនដោយសារដីបាក់សង្កត់ និងលិចទឹក ។
ភ្នាក់ងារឧតុនិយមហ្វីលីពីនបានប្រកាស ខ្យល់ព្យុះ Usman កាលពីថ្ងៃសៅរ៍ កន្លងមកនេះ វាយប្រហារមកលើហ្វីលីពីន ។ ខ្យល់ព្យុះនេះមិនមានកម្លាំងខ្លាំងនោះទេ ប៉ុន្តែធ្លាក់ភ្លៀងខ្លាំង ធ្វើឲ្យជំនន់ទឹកភ្លៀងគ្រប់ទីកន្លែង និងធ្វើឲ្យដីផុស បាក់នៅតាមកន្លែងខ្លះៗ ។
ប្រជាពលរដ្ឋជាច្រើនមិនបានទទួលព័ត៌មានពីគ្រោះថ្នាក់ដោយសារតែព្យុះនេះឡើយ ពីព្រោះវាមានកម្លាំងខ្សោយ មិនស្ថិតក្នុងកម្រិតដែលរដ្ឋាភិបាលប្រកាសអាសន្ន ប៉ុន្តែមិនគួរណា វាកាចសាហាវបែបនេះសោះ ។ ពលរដ្ឋកំពុងនាំគ្នាសប្បាយ ស្វាគមន៍បុណ្យគ្រិស្ទម៉ាស់ ហើយក៏គ្មានការប្រកាសឲ្យប្រុងប្រយ័ត្នពីខ្យល់ព្យុះអ្វីនោះដែរ។
ព្យុះនេះបានធ្វើដំណើរទៅកាន់ទិសខាងលិចឆ្ងាយពីហ្វីលីពីនហើយ ប៉ុន្តែស្លាកស្នាមរបស់វា បណ្តាលឲ្យប៉ះពាល់ធ្ងន់ធ្ងរនៅតាមទីកន្លែងជាច្រើន ។
មនុស្ស១៧នាក់នៅបាត់ខ្លួន និងជាង៤០.០០០នាក់បាត់បង់ទីជម្រកទូទាំងប្រទេស ។
ក្នុងមួយឆ្នាំៗ ខ្យល់ព្យុះយ៉ាងតិច២០ វាយប្រហារហ្វីលីពីន សម្លាប់មនុស្សរាប់រយនាក់ និងបង្កឲ្យរាប់លាននាក់ធ្លាក់ក្នុងសភាពក្រីក្រជាអចិន្ត្រៃយ៍ ។
គេនៅចាំបានថា ព្យុះ Haiyan កាលពីឆ្នាំ២០១៣ វាយប្រហារនៅហ្វីលីពីន បង្កឲ្យស្លាប់ និងបាត់ខ្លួនសរុប៧៣៦០នាក់ នៅទូទាំងភាគកណ្តាល ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។