ប៉ូលិសថៃបញ្ជាក់ពីមូលហេតុ​ដែល​នាំ​ឱ្យ​មានការ​បំពុលជនជាតិវៀតណាមស្លាប់៦នាក់នៅ​ក្នុងសណ្ឋាគារ Grand Hyatt Erawan

ប៉ូលិសជឿថា ជនជាតិវៀតណាមម្នាក់ក្នុងចំណោមប្រាំមួយនាក់ត្រូវបានគេរកឃើញស្លាប់នៅឯសណ្ឋាគារ Grand Hyatt Erawan ក្នុងរាជធានីបាងកក កាលពីល្ងាចថ្ងៃអង្គារទី១៦កក្កដា ដោយបានបំពុលអ្នកផ្សេងទៀតហើយបន្ទាប់មកធ្វើអត្តឃាត។ ចំពោះមូលហេតុនៅពីក្រោយករណីឃាតកម្មដ៏គួរឱ្យរន្ធត់នេះ គឺពាក់ព័ន្ធនឹង​ជម្លោះ​លើ​បំណុល​ទាក់ទង​នឹង​ការ​វិនិយោគ។

លោកឧត្តមសេនីយ៍ទោ ធីរ៉ាដេត ថុមសុធី (Theeradet Thumsuthee) ប្រធានផ្នែកស៊ើបអង្កេតនៃស្នងការដ្ឋាននគរបាល បាននិយាយនៅប៉ុស្តិ៍នគរបាលលុមភីនី Lumpini នៅព្រឹកថ្ងៃពុធនេះថា៖«ប៉ូលិសបានសាកសួរកូនស្រីរបស់ជនរងគ្រោះម្នាក់ និងសាក្សីផ្សេងទៀត។ ករណីនេះទំនងមកពីបញ្ហាបំណុល។ មិនមានលទ្ធភាពផ្សេងទៀតទេ។ ពិរុទ្ធជន​ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​៦​នាក់ ​ព្រោះ​ពួក​គេ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ចូល​ក្នុង​បន្ទប់។ គ្មាន​អ្នក​ផ្សេង​ទៀត​ទេ»។ លោក​បន្ត​ថា ក្រុម​អ្នក​ស៊ើប​អង្កេត​មិន​ទាន់​កំណត់​អត្តសញ្ញាណ​ថ្នាំ​ពុល​ដែល​បាន​ប្រើ​នៅ​ឡើយ​ទេ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ប៉ូលិស​ធ្វើ​កោសល្យ​វិ​ច្ច័​យ​បាន​រក​ឃើញ​សារធាតុ​ដែលសម្លាប់មនុស្សយ៉ាងឆាប់រហ័ស Cyanide ​ក្នុង​កែវ​ប្រើប្រាស់​រួច​ក្នុង​បន្ទប់​លេខ​៥០២ ជា​កន្លែង​រក​ឃើញ​សាកសព។ ចំណែក ជនជាតិវៀតណាមទីប្រាំពីរបានកក់បន្ទប់ក្បែរនោះ។ ប៉ូលិសជឿថា នាងជាប្អូនស្រីម្នាក់ក្នុងចំណោមជនរងគ្រោះទាំង៦នាក់។ ស្ត្រី​រូប​នេះ ​បាន​ចាក​ចេញ​ពី​ប្រទេស​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ហើយ​ទំនង​ជា​មិន​មាន​អ្វី​ទាក់​ទង​នឹង​ការ​ស្លាប់​នោះ​ទេ។ ប្រភព​មួយ​បាន​ឱ្យដឹង​ថា ឃាតក​ត្រូវ​បាន​គេ​ជឿ​ថា​ ​បាន​បំពុល​មនុស្ស​ប្រាំ​នាក់​ផ្សេង​ទៀត​មុន​ពេល​សម្លាប់​ខ្លួន​។

រដ្ឋាភិបាលវៀតណាម បានបញ្ជាក់ថា ស្ថានទូតរបស់ខ្លួននៅរាជធានីបាងកកកំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរថៃលើករណីនេះ ខណៈក្រសួងការបរទេសសហរដ្ឋអាម៉េរិក ក៏កំពុងតាមដានស្ថានការណ៍នេះយ៉ាងដិតដល់។ មន្ត្រីប៉ូលិស លោក ធីទី ស៊ែងសា​វ៉ាង (Thiti Saengsawang) បានប្រាប់អ្នកយកព័ត៌មានថា អ្នកទាំងប្រាំមួយនាក់ មានដើមកំណើតវៀតណាម ជាមួយលិខិតឆ្លងដែនអាម៉េរិកចំនួន២នាក់ បានចូលសណ្ឋាគារ Grand Hyatt Erawan នៅរាជធានីបាងកក នៅម៉ោងពីរផ្សេងគ្នា បន្ទាប់ពីបានមកដល់កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ។ លោក​បាន​បន្ត​ថា ​ក្រុម​បុរស​បី​នាក់ ​និង​ស្ត្រី​បី​នាក់​ បាន​ចូល​ទៅ​ក្នុង​បន្ទប់​ផ្សេង​គ្នា​ ប៉ុន្តែ​សាកសព​របស់​ពួកគេ​ត្រូវ​បាន​រក​ឃើញ​ក្នុង​បន្ទប់​មួយ​ដែល​មិន​មាន​សញ្ញា​នៃ​ការវាយដំ ឬធ្វើបាបអ្វីឡើយ។ ប៉ូលិសបានរកឃើញសាកសពបន្ទាប់ពីមានការហៅទូរសព្ទពីបុគ្គលិកសណ្ឋាគារនៅម៉ោងប្រហែល៥:៣០ល្ងាច។

រាជរដ្ឋាភិបាល បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានទៅសណ្ឋាគារកាលពីល្ងាចថ្ងៃអង្គារជាមួយមន្ត្រីប៉ូលិសជាន់ខ្ពស់ បានបញ្ជាឱ្យមានការស៊ើបអង្កេតយ៉ាងឆាប់រហ័សលើបញ្ហានេះ។ សេចក្តី​ថ្លែងការណ៍​នោះ​ បាន​បន្ត​ថា​៖«​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជា​ឱ្យ​គ្រប់​ស្ថាប័ន​ចាត់​វិធានការ​ជា​បន្ទាន់​ ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍»។ Grand Hyatt Erawan មានបន្ទប់ជាង៣៥០ និងមានទីតាំងនៅក្នុងសង្កាត់ទេសចរណ៍ដ៏ពេញនិយមមួយក្នុងរាជធានីបាងកក ដែលល្បីខាងផ្សារទំនើប និងភោជនីយដ្ឋាន។ វិស័យទេសចរណ៍ដើរតួនាទីជាកត្តាជំរុញដ៏សំខាន់សម្រាប់សេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍ ដោយរាជរដ្ឋាភិបាលរំពឹងថា នឹងមានភ្ញៀវបរទេសចំនួន៣៥លាននាក់នៅឆ្នាំនេះ បន្ទាប់ពី២៨លាននាក់បានមកទស្សនាប្រទេសថៃក្នុងឆ្នាំ២០២៣ ដោយចំណាយប្រាក់១,២ពាន់ពាន់លានបាត (៣៣,៧១ពាន់លានដុល្លារ)។

វិស័យទេសចរណ៍បានរង្គោះរង្គើកាលពីខែតុលាឆ្នាំមុន ដោយការបាញ់ប្រហារនៅផ្សារទំនើបប្រណីតមួយនៅកណ្តាលរាជធានីបាងកក​ ដែលក្នុងនោះជនបរទេសពីរនាក់ត្រូវបានសម្លាប់ ដែលជំរុញឱ្យរាជរដ្ឋាភិបាលចាត់វិធានការ ដើម្បីបង្កើនទំនុកចិត្ត រួមទាំងការបង្កើនសន្តិសុខនៅទីតាំងពេញនិយមផងដែរ។ ដើម្បីទាក់ទាញភ្ញៀវកាន់តែច្រើន រាជរដ្ឋាភិបាលបានផ្តល់រយៈពេលស្នាក់នៅយូរជាងមុន និងការលើកលែងសម្រាប់សញ្ជាតិមួយចំនួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close