រដ្ឋបាលខេត្តបាត់ដំបង ប្រាប់ពលរដ្ឋ​បង្កើនការប្រុងប្រយ័ត្ន ក្រោយ​កម្រិតទឹកស្ទឹងសង្កែហក់ឡើងខ្ពស់

រដ្ឋបាលខេត្តបាត់ដំបង កាលពីចុងសប្តាហ៍នេះ បានចេញសេចក្តីជូនដំណឹងមួយ​ដោយ​ប្រាប់ដល់បងប្អូនប្រជាពលរដ្ឋរស់នៅតាម​ដងស្ទឹងសង្កែ​ត្រូវ​បង្កើនការប្រុងប្រយ័ត្ន បន្ទាប់ពីកម្ពស់ទឹកហក់ឡើងខ្ពស់។

បើតាម​រដ្ឋបាលខេត្ត ស្ថានភាពបច្ចុប្បន្នកម្រិតទឹកស្ទឹងសង្កែ នៅចំណុចស្ពាន សម្តេចតេជោ ហ៊ុន សែន ក្នុងក្រុងបាត់ដំបង មានកម្ពស់១២,៨០ម៉ែត្រ ដែលសង្កេតឃើញថា មានការកើនឡើងជាបន្តបន្ទាប់តាមរយៈជំនន់ទឹកភ្លៀង ហើយចំពោះកម្រិតទឹកដែលត្រូវប្រុងប្រយ័ត្នខ្ពស់ស្ថិតនៅកម្ពស់១៣,៥០ម៉ែត្រ។

ដូច្នេះដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ រដ្ឋបាលខេត្តស្នើដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងទាំងអស់ ជាពិសេសបងប្អូនដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែ និងតំបន់ងាយរងគ្រោះមេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយហាមកូនចៅតូចៗកុំឱ្យចុះលេងទឹក និងត្រូវត្រៀមរៀបចំទុកដាក់នូវសម្ភារ ឯកសារសំខាន់ៗឱ្យបានត្រឹមត្រូវ និងស្វែងរកទីទួលសុវត្ថិភាពដែលបានកំណត់ដោយអាជ្ញាធរមូលដ្ឋាន និងសូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ក្នុងករណីទទួលរងនូវការលិចលង់ណាមួយកើតមានឡើង។

ទន្ទឹមគ្នានេះដែរ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ក្នុងការត្រៀមរៀបចំផែនការអន្តរាគមន៍ និងត្រៀមរៀបចំទីទួលសុវត្ថិភាពឱ្យបានសមរម្យក្នុងការជម្លៀសប្រជាពលរដ្ឋនៅពេលដែលមានគ្រោះមហន្តរាយទឹកជំនន់មកដល់។ ម្យ៉ាងវិញទៀតត្រូវធ្វើការផ្សព្វផ្សាយណែនាំឱ្យប្រជាពលរដ្ឋ យកចិត្តទុកដាក់លើសុខភាពអនាម័យ ដើម្បីជៀសវាងជំងឺឆ្លងផ្សេងៗ។

អាជ្ញាធររដ្ឋបាលខេត្ត បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីឆ្លើយតបករណីមានគ្រោះមហន្តរាយកើតឡើងឱ្យបានទាន់ពេលវេលា ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close