បាញ់ប្រហារនៅមណ្ឌលថែទាំមនុស្សចាស់ ស្លាប់ ៥នាក់ និងរបួសជាច្រើននាក់ ក្នុងទីក្រុង Daruvar

មនុស្សប្រាំនាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស នៅក្នុងការបាញ់ប្រហារមួយនៅមណ្ឌលថែទាំមនុស្សចាស់ ក្នុងទីក្រុង Daruvar ភាគខាងកើតប្រទេសក្រូអាត នៅថ្ងៃចន្ទនេះ ហើយជនបង្កហេតុត្រូវបានចាប់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០២៤។

ជនបង្កហេតុ ដែលជាអតីតប៉ូលីសយោធាដែលចូលនិវត្តន៍ ត្រូវបានគេជឿថាជាសមាជិកគ្រួសាររបស់ជនរងគ្រោះម្នាក់ បានចូលទៅក្នុងមណ្ឌលថែទាំមនុស្សចាស់នៅវេលាម៉ោង ១០៖១០ ព្រឹក (ម៉ោងក្នុងស្រុក) នៅថ្ងៃចន្ទ ហើយបានចាប់ផ្តើមបាញ់ប្រហារ។ មនុស្សប្រាំនាក់បានស្លាប់នៅនឹងកន្លែង ហើយអ្នករបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់។

ជនបង្កហេតុ បានរត់គេចខ្លួនបន្ទាប់ពីការបាញ់ប្រហារនោះ ប៉ុន្តែមិនយូរប៉ុន្មាន ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅក្នុងហាងកាហ្វេមួយក្នុងទីក្រុង Daruvar។ មន្ត្រីប៉ូលីសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការស៊ើបអង្កេតកំពុងបន្ត ប៉ុន្តែមិនបានបង្ហាញព័ត៌មានលម្អិតណាមួយទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close