រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រាប់សមត្ថកិច្ចបោសសម្អាតរថយន្តធុនធំដែលបិទស្លាករូបភាពនៅមុខកញ្ចក់រថយន្ត
ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃពុធ បានប្រាប់ឱ្យសមត្ថកិច្ច ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងគ្រប់បណ្តាខេត្តទាំងអស់ បន្តវិធានការបោសសម្អាតរថយន្តដែលមានបិទរូបសញ្ញា ឬព្យួរវត្ថុផ្សេងៗ នៅមុខកញ្ជក់រថយន្តជាពិសេសរថយន្តធុនធំ ដែលជាហេតុនាំឱ្យបាំងភ្នែកអ្នកបើកបរ និងបណ្តាលឱ្យមានគ្រោះថ្នាក់។
ក្នុងកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) កាលពីថ្ងៃទី៣១កក្កដា ឆ្នាំ២០២៤ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ការតាំងព្យួរវត្ថុ បិទស្កុត ឬបិទរូបសញ្ញាផ្សេងៗនៅលើកញ្ចក់រថយន្តខាងមុខ ឬនៅចំហៀងកញ្ចក់នៅតែមិនទាន់អាចកម្ចាត់អស់។ ឯកឧត្តមថា ការណ៍ដែលបិទរូបសញ្ញាទាំងអស់នេះ អាចធ្វើឱ្យបាំង ឬបំភ័ន្តភ្នែកអ្នកបើកបរផ្ទាល់ ជាពិសេស គឺមានចំនួនច្រើននៅលើរថយន្តធុនធំ រថយន្តដឹកទំនិញ ដែលអាចនាំឱ្យការសម្រចក្នុងការបត់ចង្កូតរថយន្ត មានភាពមិនច្បាស់លាស់ ប៉ះពាល់ដល់អ្នកធ្វើដំណើរ អ្នកបើកបរដទែទៀត។
ដោយសារតែបញ្ហាបែបនេះនៅបន្តកើតមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអំពាវនាវទទូចឱ្យស្នងការដ្ឋាននគរបាលគ្រប់រាជធានី-ខេត្តទាំងអស់ បន្តវិធានការបោសសម្អាតរាល់ភាពមិនប្រក្រតី បោសសម្អាតរថយន្តគ្រប់ប្រភេទដែលមានបិទស្លាករូប [Sticker] នៅកញ្ចក់ខាងមុខ ឬការដាក់តាំងវត្ថុអនុស្សាវរីយ៍ ក្នុងន័យដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពីការបើកបរមិនមានការប្រុងប្រយ័ត្ន។
យោងតាមរបាយការណ៍ ក្នុងឆមាសទី១ ឆ្នាំ២០២៤ ករណីគ្រោះថ្នាក់ចរាចរបានកើតឡើងចំនួន ១៥៣៤លើក មានការថយចុះចំនួន១៤លើក ស្មើ១ភាគរយ បើធៀបនឹងឆមាសទី១ ឆ្នាំ២០២៣ ប៉ុន្តែចំនួនជនរងគ្រោះមានកំណើនខ្ពស់ជាងឆមាសទី១ ឆ្នាំ២០២៣ ក្នុងនោះអ្នកស្លាប់មានចំនួន៧៩៣នាក់ កើនចំនួន៣៧នាក់ ស្មើនឹង៥ភាគរយ និងអ្នករបួសចំនួន២១១៦នាក់ កើនចំនួន៤៤នាក់ ស្មើនឹង២ភាគរយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។