អបអរសាទរ ពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ថ្ងៃ៥ សីហា ២០២៤!

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ជាថ្ងៃប្រវត្តិសាស្រ្តរបស់កម្ពុជា ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការពិសេស ដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ រួមទាំងថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន បានចូលរួមពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការពិសេសដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ។

ពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលត្រូវបានរៀបចំឡើងយ៉ាងអធិកអធម នេះគឺជាសក្ខីភាពនៃ ការសម្រេចបាននូវស្នាដៃថ្មីដែលជាសមិទ្ធផលដ៏វិសេសវិសាលរបស់ប្រជាជាតិខ្មែរ ដែលបាន បង្ហាញពីសមត្ថភាព លទ្ធភាពពេញលេញ និងឆន្ទៈដ៏មុតមាំរួមគ្នារបស់រាជរដ្ឋាភិបាល និងបងប្អូន ប្រជាពលរដ្ឋខ្មែរទាំងអស់នៅគ្រប់ទិសទី ដើម្បីតភ្ជាប់ប្រវត្តិសាស្ត្រនៃការប្រើប្រាស់សក្តានុពល ផ្លូវទឹកនៅសម័យអាណាចក្រហ្វូណនដ៏អស្ចារ្យ មកសម័យតេជោសន្តិភាពដ៏រុងរឿង បន្ទាប់ពី បានបោះបង់ចោលនៅក្នុងអំឡុងសតវត្សរ៍ទី៥ ឬទី៦ នៃគ្រិស្តសករាជ ដោយសារប្រទេសជួប ប្រទះនឹងបញ្ហាសង្គ្រាមឥតឈប់ឈរ។

អបអរសាទរ ថ្ងៃ៥ ខែសីហា ឆ្នាំ២០២៤ ជាថ្ងៃវិសេសវិសាលបំផុត ថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ និងត្រូវជាថ្ងៃខួបកំណើតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ដែល សម្តេច បានប្រសូត្រនៅម៉ោង ១២យប់ ថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វា ស័ក ព.ស.២៤៩៦ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២។ ព្រែកជីកហ្វូណនតេជោ ដែលត្រូវតភ្ជាប់ពីទន្លេទៅសមុទ្រ មានប្រវែង ១៨០គីឡូម៉ែត្រ មានទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ ជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ និងមានគន្លងនាវាចរណ៍ចំនួន ២គន្លង។

ផ្លូវទឹកនេះចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាម ព្រែកតាហ៊ីងនៃទន្លេបាសាក់ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ភូមិសាស្ត្រ ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដោយនឹងត្រូវសាងសង់ស្ទើរទាំងស្រុងលើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណ ដែលបានបន្សល់ទុកស្រាប់តាំងពីសម័យអាណាចក្រហ្វូណនមកម៉្លេះ ក្នុងនោះផ្លូវទឹក ធម្មជាតិដែលមានស្រាប់ មានប្រវែងប្រមាណ ១៣៥គីឡូម៉ែត្រ ផ្លូវទឹកត្រូវជីកតម្រង់កុំ ឱ្យកោងពេក មានប្រវែងប្រមាណ ៣៨គីឡូម៉ែត្រ និងផ្លូវទឹកជីកថ្មីមានប្រវែងប្រមាណ ៧គីឡូម៉ែត្រ ដើម្បីកាត់បន្ថយកំណោង និងកាត់បន្ថយចម្ងាយតភ្ជាប់ទៅកាន់សមុទ្រ។

 

គម្រោងនេះនឹងសាងសង់សន្ទះផ្លូវទឹកចំនួន ៣កន្លែង ស្ថិតនៅខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកែប ដែលធានាបាននូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ការជ្រៀតចូលនៃទឹកប្រៃទៅ ក្នុងបណ្តាញផ្លូវទឹកសាប និងអាចកំណត់បរិមាណ និងអត្រានៃរំហូរទឹកសាបដែលត្រូវ ហូរចេញទៅសមុទ្របានប្រកបដោយប្រសិទ្ធភាពខ្ពស់។

គួរបញ្ជាក់ថា គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤៨ខែ និងគ្រោងបញ្ចប់នៅក្នុង អំឡុងឆ្នាំ២០២៨ ខាងមុខ ដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១,៧ ពាន់លាន ដុល្លារអាម៉េរិក ក្នុងនោះទុនវិនិយោគរបស់សហគ្រាសសាធារណៈ និងក្រុមហ៊ុនក្នុងស្រុក មានចំនួន ៥១% និងទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) មានចំនួន ៤៩% ដោយការវិនិយោគនេះនឹងត្រូវអនុវត្តក្រោមរូបភាពសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close