កូនស្រី លោកថាក់ស៊ីន ក្លាយជានាយករដ្ឋមន្រ្តីថ្មី របស់ប្រទេសថៃ
បាងកក៖ អ្នកស្រី ផែថោងថាន ស៊ីណាវ៉ាត់ នឹងក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសថៃ ជំនួសលោក សេដ្ឋា ថាវីស៊ីន បន្ទាប់ពីរដ្ឋសភាបានសម្រេចបោះឆ្នោតជ្រើសតាំងអ្នកស្រីជាផ្លូវការ នៅថ្ងៃទី១៦ ខែសីហានេះ។
អ្នកស្រី ផែថោងថាន ទទួលបានសំឡេងគាំទ្រលើសពាក់កណ្តាល នៃចំនួនសមាជិករដ្ឋសភាថៃសរុប៤៩៣នាក់ ដែលចាំបាច់ដើម្បីក្លាយជានាយករដ្ឋមន្រ្តី។ តាមរយៈការបោះឆ្នោតនេះ អ្នកស្រី ផែថោងថាន មានអាយុ ៣៧ឆ្នាំ នឹងក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងជាងគេបំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់ថៃ និងជានាយករដ្ឋមន្ត្រីទី៣១។
អ្នកស្រីក៏នឹងក្លាយជានាយករដ្ឋមន្ត្រីជាស្ត្រីទី២របស់ថៃ បន្ទាប់ពីមីងបង្កើតរបស់អ្នកស្រី គឺលោកស្រី យីងឡាក់ ហើយក៏ជានាយករដ្ឋមន្ត្រីទី៤ ដែលមកពីគ្រួសារ ស៊ីនណាវ៉ាត់ បន្ទាប់ពីលោក ថាក់ស៊ីន លោកស្រី យីងឡាក់ និងលោក សុំឆៃ វង់សាវ៉ាត់ ដែលត្រូវជាពូសាច់ថ្លៃរបស់អ្នកស្រី ផែថោងថាន។
សូមជម្រាបផងដែរថា សម្ព័ន្ធគណបក្សទាំង១១ ដឹកនាំដោយគណបក្សភឿថៃ បានប្រកាសជ្រើសរើសអ្នកស្រី ផែថោងថាន ជាបេក្ខជននាយករដ្ឋមន្រ្តីថ្មីរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ទី១៥ ខែសីហា បន្ទាប់ពីលោក សេដ្ឋា ថាវីស៊ីន ត្រូវបានតុលាការធម្មនុញ្ញសម្រេចដកតំណែងជានាយករដ្ឋមន្រ្តី។ មូលហេតុនាំឱ្យតុលាការដកតំណែង ដោយសារតែការតែងតាំងរដ្ឋមន្ត្រីម្នាក់ ដែលធ្លាប់មានប្រវត្តិជាប់ពន្ធនាគារ ហើយប្រការនេះជាទង្វើបំពានរដ្ឋធម្មនុញ្ញ៕
ប្រភព៖ AFP
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។