សមត្ថកិច្ចតាមចាប់ខ្លួន​លោកជំទាវ លី អ៊ុំអេង សារជាថ្មី ពាក់ព័ន្ធបទល្មើសក្លែងឯកសារសាធារណៈ

លោកជំទាវ លី អ៊ុំអេង ដែល​មានរឿងអាស្រូវ​ពាក់ព័ន្ធករណីជម្លោះដីធ្លីនៅ​ខេត្តសៀមរាប ពេល​នេះ សមត្ថកិច្ច​កំពុងតាមស្វែង​រក​ចាប់ខ្លួន​ម្តងទៀត តាមដីកាតុលាការ ពាក់ព័ន្ធករណីក្លែងឯកសារ​សាធារណៈ។

ដីកាបង្គាប់​ឱ្យ​ចាប់ខ្លួន​របស់​សាលា​ដំបូង​ខេត្តសៀមរាប បានបញ្ជាក់ថា ឈ្មោះ លី អ៊ុំអេង ភេទស្រី កើតថ្ងៃទី១៨ ខែធ្នូ ឆ្នាំ​១៩៧២ ត្រូវ​ដាក់​ក្រោម​ការ​ពិនិត្យពីបទ ប្រើប្រាស់​ឯកសារសាធារណៈក្លែង ប្រព្រឹត្ត​នៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីអំឡុង​ខែកុម្ភៈ រហូត​ដល់ខែតុលា ឆ្នាំ២០២២ ។ បទល្មើសក្លែង​ឯកសារសាធារណៈ ជាបទល្មើសព្រហ្មទណ្ឌ​មានចែង និង​កំណត់​ឱ្យ​ផ្តន្ទា​ទោស​តាម​បញ្ញត្តិមាត្រា​៦៣០ នៃក្រមព្រហ្មទណ្ឌ ដូច្នេះ​ជនត្រូវ​ចោទ ត្រូវ​បានចោទ​ប្រកាន់​ពីបទ​មជ្ឈឹម​ដែល​ត្រូវ​ផ្តន្ទា​ទោស​ដាក់ពន្ធនាគារ។

បើតាមដីកាដដែលថា កម្លាំង​កង​រាជអាវុធហត្ថ​ខេត្តសៀមរាប បានចុះទៅ​ដល់លំនៅដ្ឋានរបស់លោកជំទាវ លី អ៊ុំអេង ដើម្បីអនុវត្ត​ដីកាបង្គាប់​ឱ្យ​ខ្លួន​ កាលពីចុងខែកក្កដា តែរកពុំឃើញជនត្រូវចោទ ដូច្នេះ តុលាការ​បញ្ជា​ដល់​កងកម្លាំង​សាធារណៈ ឱ្យ​ធ្វើការ​ស្រាវជ្រាវរកចាប់ និ​ងនាំខ្លួន​ឈ្មោះ លី អ៊ុំអេង ទៅ​ក្នុងពន្ធនាគារ ឬ​មណ្ឌល​ឃុំខ្លួន។

យ៉ាងណាក៏ដោយ ក្រោយ​មានដីកាឱ្យតាមចាប់ខ្លួននេះ កាលពីថ្ងៃទី១៩ ខែសីហា គេបានឃើញ កម្លាំងអាវុធហត្ថផ្ទៃប្រទេស សហការជា​មួយកម្លាំងអាវុធហត្ថ​ខេត្ត​សៀម​រាប បានចុះ​មក​ឡោមពទ្ធ័ផ្ទះជំ​ទាវលី អ៊ុំអេង​ ដើម្បីចាប់ខ្លួន ប៉ុន្តែរកមិនឃើញ ក្រុមសមត្ថកិច្ចក៏​នាំ​គ្នាឡើងឡានចាកចេញទៅវិញ។

សូមរំលឹកផងដែរថា ជំទាវឈ្មួញដី​ លី អ៊ុំអេង​ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ក៏​ត្រូវ​បានសមត្ថកិច្ចអាវុធហត្ថខេត្តសៀមរាប ធ្លាប់បានចាប់វាយខ្នោះបញ្ជូនទៅតុលាការម្តងរួចមកហើយ​ករណីចេញសែកអត់សាច់ប្រាក់​ក្នុងជំនួញដីធ្លី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close