មន្រ្តីនគរបាលម្នាក់ស្លាប់ ជនជាតិចិនម្នាក់រងរបួស និងចិនម្នាក់ទៀត ត្រូវក្រុមខ្មាន់កាំភ្លើងចាប់ខ្លួន ករណីបាញ់ប្រហារ នៅខណ្ឌដង្កោ យប់មិញ

ហេតុការណ៍បាញ់ប្រហារដែលបានកើតឡើង នៅយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់, ម្នាក់ទៀតរងរបួស (ជនជាតិចិន) និងម្នាក់ផ្សេងទៀត (ជនជាតិចិន) ត្រូវបានក្រុមខ្មាន់កាំភ្លើងចាប់ដាក់ចូលឡានរួចរត់គេចខ្លួនបាត់។

មុនឈានដល់ហេតុការណ៍បាញ់ប្រហារនេះ សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា ដើមឡើយគេឃើញរថយន្ដមួយគ្រឿង ម៉ាក Ford Ranger ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BV-5779 (រថយន្ដខ្មាន់កាំភ្លើង) បើកមកស្ទាក់ និងបុកចំពីមុខរថយន្ដរបស់ជនរងគ្រោះ ម៉ាក MERCEDES BENZ S560L ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2BF-8168 និងមានរថយន្ដទៀត ម៉ាក Land Cruiser ឈប់ពីក្រោយរថយន្ដជនរងគ្រោះ។

បន្ទាប់ពីបើកបំបុក និងស្ទាករថយន្ដជនរងគ្រោះហើយនោះ ខ្មាន់កាំភ្លើង៣នាក់ បានចុះពីរថយន្ដ Ford ហើយបើកការបាញ់រះជាច្រើនគ្រាប់មកលើរថយន្ដរបស់ជនរងគ្រោះ ដោយប្រើប្រាស់កាំភ្លើងវែង (សង្ស័យ AK)។ ភ្លាមនោះ បក្ខពួកខ្មាន់កាំភ្លើង២នាក់ ចុះទៅចាប់ជនជាតិចិនម្នាក់ ដែលជិះនៅផ្នែកខាងក្រោយរថយន្ដ MERCEDES BENZ ដាក់ចូលក្នុងរថយន្ដ Land Cruiser រួចបើកគេចខ្លួនបាត់តែម្ដង។

បើតាមសេចក្ដីរាយការណ៍, នៅក្នុងរថយន្ដរបស់ជនរងគ្រោះ មានមនុស្សជិះចំនួន៣នាក់ ក្នុងនោះអ្នកបើកបរជាជនជាតិខ្មែរ បានរងរបួសធ្ងន់ និងស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យលោកសង្ឃ ខណៈអ្នករួមដំណើរជិះផ្នែកខាងមុខ ជាជនជាតិចិនរងរបួសធ្ងន់កំពុងសង្គ្រោះ និងម្នាក់ទៀតជនជាតិចិនជិះផ្នែកខាងក្រោយ ត្រូវបានក្រុមខ្មាន់កាំភ្លើងចាប់យកទៅបាត់។

ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត ត្រូវបានគេស្គាល់ឈ្មោះ គង់ វុទ្ធី អាយុ៣៦ឆ្នាំ ជាមន្ដ្រីនគរបាលបម្រើការងារនៅអង្គភាពអន្ដរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឋានន្ដរស័ក្ដិ ថ្នាក់វរសេនីយ៍ទោ (ស័ក្ដិ៤កន្លះ) និងមានតួនាទីជានាយរងការិយាល័យប្រតិបត្តិការសង្គ្រោះ។ ខណៈជនរងគ្រោះជនជាតិចិន២នាក់ទៀត មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយឡែក ក្រុមខ្មាន់កាំភ្លើង ក៏មិនទាន់ដឹងថាមានចំនួនប៉ុន្មាននាក់នោះដែរ។

យ៉ាងណាមិញ ហេតុការណ៍បាញ់ប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលនេះ សមត្ថកិច្ចជំនាញមិនទាន់សន្និដ្ឋានថា ជារឿងអ្វីឲ្យពិតប្រាកដនៅឡើយទេ ប៉ុន្ដែហេតុការណ៍នេះត្រូវគេដាក់ការសង្ស័យថា ជាអំពើចាប់ជំរិត។ រហូតមកដល់រសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ សមត្ថកិច្ចជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ រួមជាមួយស្ថាប័នពាក់ព័ន្ធ កំពុងបើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីស្វែងរកចាប់ខ្លួនក្រុមខ្មាន់កាំភ្លើង និងរំដោះមនុស្សដែលពួកគេចាប់យកទៅ៕

ប្រភព៖ Fresh News

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close