វិស័យសំខាន់ៗចំនួន៣ ផ្តល់ឱកាសការងារជាង ៥ម៉ឺនកន្លែង

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំឱកាសការងារក្នុងស្រុកចំនួន ៥៣,២៩៦ កន្លែង ក្នុងវិស័យសំខាន់ៗចំនួនបីធំៗ សម្រាប់សាធារណជន យុវជន ងាយស្រួលជ្រើសរើសចូលបម្រើការងារតាមជំនាញដែលខ្លួនមាន។

លោក កត្តា អ៊ន បានឱ្យដឹងថា ឱកាសការងារជាង៥ម៉ឺនកន្លែងនោះ ក្នុងវិស័យដូចជា វិស័យឧស្សាហកម្មចំនួន ៤០,៧៥៣កន្លែង វិស័យកសិកម្មចំនួន ៨,៥៤៩កន្លែង និងសេវាកម្មចំនួន ៣,៩៩៤កន្លែង ដែលត្រូវបានប្រកាសជ្រើសរើសនៅក្នុងបណ្តាខេត្តជាច្រើនដូចជា៖ ខេត្តកំពង់ស្ពឺ, ខេត្តកំពង់ឆ្នាំង, រាជរាធានីភ្នំពេញ, ខេត្តស្វាយរៀង, ខេត្តរតនគីរី, ខេត្តក្រចេះ, ខេត្តតាកែវ, ខេត្តកណ្តាល, ខេត្តបន្ទាយមានជ័យ, ខេត្តកោះកុង, និងបណ្តាខេត្តផ្សេងៗទៀត។

អ្នកនាំពាក្យក្រសួងការងារ ក៏បានណែនាំដល់ យុវជន សិស្ស និស្សិត ពិសេស សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសប្រញាប់រួសរាន់មកដាក់ពាក្យស្វែងរកការងារទៅតាមជំនាញរបស់ខ្លួនដែលមាន។ ប្រសិនបើមានចម្ងល់សូមទំនាក់ទំនងមកកាន់ប្រព័ន្ធ Hotline របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈលេខ 1297 ឬ 1286 រៀងរាល់២៤ ម៉ោងផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close