តម្លៃប្រេងចុះមកត្រឹម៣២០០រៀលក្នុងមួយលីត្រ សម្រាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ មករា
តម្លៃប្រេងសាំងធម្មតាសម្រាប់លក់រាយតាមស្ថានីយ៍ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ បានធ្លាក់មកត្រឹម៣២០០រៀលប៉ុណ្ណោះក្នុងមួយលីត្រ ដូចគ្នាជាមួយនឹងតម្លៃប្រេងម៉ាស៊ូតដែរ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។
យោងតាមសេចក្តីជូនដំណឹងស្តីពីការកំណត់តម្លៃប្រេងលក់រាយតាមស្ថានីយ៍ ដែលចេញរយៈពេល១៥ថ្ងៃម្តង បានឲ្យដឹងថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នឹងត្រូវលក់តម្លៃ ៣៣៧៣រៀលក្នុងមួយលីត្រ សម្រាប់ប្រេងសាំងធម្មតា ហើយ ៣៣៦០រៀលក្នុងមួយលីត្រ សម្រាប់ប្រេងម៉ាស៊ូត។
តែដើម្បីជួយសម្រួលដល់ជីវភាពប្រជាជន និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចនាយករដ្ឋមន្រ្តី បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈត្រឹមតែ ៣២០០រៀលក្នុងមួយលីត្រ សម្រាប់ប្រេងសាំងធម្មតា និង៣២០០រៀលក្នុងមួយលីត្រដូចគ្នាសម្រាប់ប្រេងម៉ាស៊ូត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។