Huawei ចេញលក់ទូរស័ព្ទអេក្រង់បត់ ៣តង់
ស្មាតហ្វូនអេក្រង់បត់ ៣តង់របស់ក្រុមហ៊ុនចិន Huawei ឥឡូវនេះចាប់ផ្តើមដាក់លក់ជាផ្លូវការហើយ ជាមួយនឹងតម្លៃ ២,៨០០ដុល្លារក្នុងមួយគ្រឿង ដែលជាតម្លៃខ្ពស់បំផុត។ យ៉ាងណាបើទោះបីជាតម្លៃខ្ពស់ក៏ពិតមែន ប៉ុន្តែស្មាតហ្វូនអេក្រង់បត់ ៣តង់ Mate XT នេះហាក់ផ្ទុះការបញ្ជាទិញជាមុនជាខ្លាំង ខណៈរបាយការណ៍ចុះផ្សាយចុងក្រោយ បង្ហាញពីការព្រួយបារម្ភពីអ្នកវិភាគថាអាចនឹងខ្វះខាតសម្រាប់ផ្គត់ផ្គង់ទៅអតិថិជន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។
ប្រិយមិត្តប្រាកដជាបានជ្រាបរួចមកហើយ នៅក្នុងឆ្នាំនេះក្រុមហ៊ុនចិន Huawei និង ក្រុមហ៊ុនយក្សអាមេរិក Apple បានរៀបចំព្រឹត្តិការណ៍ប្រកាសបង្ហាញស្មាតហ្វូនជំនាន់ចុងក្រោយរបស់ខ្លួនក្នុងពេលវេលាប្រកៀកប្រកិតគ្នា មិនត្រឹមតែប៉ុណ្ណោះសូម្បីតែថ្ងៃចេញលក់ជាផ្លូវការក៏ក្នុងថ្ងៃតែមួយផងដែរ។ ពោលគឺទាំង Apple និង Huawei បានដាក់លក់ស្មាតហ្វូននៅក្នុងប្រទេសចិនក្នុងថ្ងៃនេះតែម្តង (ថ្ងៃទី២០ ខែកញ្ញា)។
គួរជម្រាបថា ការបញ្ជាទិញជាមុនសម្រាប់ស្មាតហ្វូនអេក្រង់បត់ ៣តង់ របស់ Huawei បានកើនឡើងលើសពី ៦.៥លានគ្រឿងមកទល់ពេលនេះ ដែលស្ទើរតែជាចំនួនទ្វេដងនៃស្មាតហ្វូនអេក្រង់បត់បានធម្មតាប្រហែល ៣.៩លានគ្រឿងដែលបានដឹកជញ្ជូនទូទាំងពិភពលោកក្នុងត្រីមាសទីពីរនៃឆ្នាំនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។