ប្រឡងសញ្ញាបត្របាក់ឌុបឆ្នាំ២០២៤ ពិន្ទុគឺកំណត់ឱ្យជាប់មានចំនួន ២៣៧ពិន្ទុ

ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤នេះ បានបញ្ជាក់ឱ្យដឹងថា ពិន្ទុត្រូវបានកំណត់ឱ្យជាប់ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៣ ២០២៤នេះ មានចំនួន ២៣៧ពិន្ទុ។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ០៤០ នាក់ (ស្រី ៧៤ ៨៨២នាក់) ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន៣៩ ៣៥៨ នាក់ (ស្រី ២៣ ៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៩៧ ៦៨២ នាក់ (ស្រី ៥១ ១៦៧នាក់)។ បេក្ខជនត្រូវបានរៀបចំចំនួន ២៥នាក់ ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្តលើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជន មកពីវិទ្យាល័យអប់រំពិសេស។

មណ្ឌលសំណេរមានចំនួនសរុប ២៣០ មណ្ឌល ត្រូវជា ៥ ៥៣៣ បន្ទប់ ក្នុងនោះ៖ ថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៧៣ មណ្ឌល ត្រូវជា ១ ៦០២ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៥៧ មណ្ឌល ត្រូវជា ៣ ៩៣១បន្ទប់។ មណ្ឌលកំណែ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន ១០ មណ្ឌល ដែលមានទីតាំងស្ថិតនៅរាជធានីភ្នំពេញ។

វិញ្ញាសាទាំងអស់ត្រូវបានជ្រើសរើស តាក់តែងរៀបចំ និងគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា។ វិញ្ញាសាប្រឡង ត្រូវបានកំណត់សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម ដោយក្នុងថ្នាក់នីមួយៗ មាន ៧ មុខវិជ្ជា។ ទម្រង់វិញ្ញាសា ត្រូវបានរៀបចំជាពីរ គឺទម្រង់វិញ្ញាសាចម្លងដាក់លើក្តារខៀន និងទម្រង់វិញ្ញាសា ដែលត្រូវចែកជូនបេក្ខជន។

គណៈមេប្រយោគ និងគណៈកម្មការនានា ដែលត្រូវចូលរួមក្នុងដំណើរការប្រឡងនៅគ្រប់ដំណាក់កាល មានចំនួនសរុប ២៩ ៧៦០ នាក់ មកពីថ្នាក់ក្រសួង មានចំនួន ៣ ៩៣៣ នាក់ និងមកពីថ្នាក់រាជធានី ខេត្ត មានចំនួន ២៥ ៨២៧ នាក់ ក្នុងនោះ៖ ដំណើរការសំណេរ មានចំនួន ១៨ ៧២៤ នាក់ មកពីថ្នាក់ក្រសួង ចំនួន ៦១៨នាក់ និងមកពីថ្នាក់រាជធានី ខេត្ត មានចំនួន ១៨ ១០៦ នាក់។ ដំណើរការកំណែ មានចំនួន ១០ ៣១៤ នាក់ មកពីថ្នាក់ក្រសួង ចំនួន ២ ៥៩៣ នាក់ និងមកពីថ្នាក់រាជធានី ខេត្ត មានចំនួន ៧ ៧២១ នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close