មនុស្ស ១៣នាក់ស្លាប់ ករណីទូកកងទ័ពជើងទឹកឥណ្ឌា បុកស្រឡាងដឹកអ្នកដំណើរ
ក្រុមមន្ត្រីនិយាយថា យ៉ាងហោចណាស់មនុស្ស ១៣នាក់បានស្លាប់នៅពេលដែលទូករបស់កងទ័ពជើងទឹកឥណ្ឌា បុកស្រឡាងដឹកអ្នកដំណើរផ្ទុកមនុស្សជាង ១០០នាក់ បន្ទាប់មកក៏ក្រឡាប់នៅឆ្នេរសមុទ្រ នៃទីក្រុង Mumbai កាលពីថ្ងៃពុធសប្តាហ៍នេះ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ ២០២៤។
កងទ័ពជើងទឹកនិយាយថាមនុស្ស ៩៩នាក់ត្រូវបានជួយសង្គ្រោះជាមួយនិងកិច្ចខិតខំប្រឹងប្រែងសង្រ្គោះកំពុងបន្ត។ កងទ័ពជើងទឹកបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍តាមបណ្តាញសង្គម X ថាទូករបស់កងទ័ពជើងទឹកបានបាត់បង់ការគ្រប់គ្រង ខណៈកំពុងសាកល្បងម៉ាស៉ីននៅកំពង់ផែ Mumbai។ ដោយសារតែបញ្ហាម៉ាស៉ីន ក្រោយមកក៏ទៅបុកស្រឡាងដឹកអ្នកដំណើរ ហេីយក្រឡាប់ជាបន្តបន្ទាប់។ នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានចូលរួមរំលែកទុក្ខចំពោះគ្រួសារអ្នកដែលបានបាត់បង់ជីវិត និងប្រកាសផ្តល់ប្រាក់ឧបត្ថម្ភ ២.៣៥៦ដុល្លារពីមូលនិធិសង្គ្រោះជាតិរបស់នាយករដ្ឋមន្ត្រីសម្រាប់សាច់ញាតិអ្នកស្លាប់ និងជិត ៦០០ដុល្លារសម្រាប់អ្នករបួស។
គួរបញ្ជាក់ថា ស្រឡាងដឹកអ្នកដំណើរខាងលេីនេះឈ្មោះ Neelkamal ធ្វើដំណើរឆ្ពោះទៅកាន់រូងភ្នំ Elephanta ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយនៅឆ្នេរសមុទ្រ Mumbai មុនពេលជួបគ្រោះថ្នាក់៕
ប្រភព៖ Fresh News
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។