ក្រសួង អំពាវនាវដល់ពលករខ្មែរ ស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ពីស្ថានភាពគុណភាពខ្យល់

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់សាធារណជន ជាពិសេសពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃទាំងអស់ ឱ្យបានជ្រាបថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ក្រសួងសុខាភិបាលថៃ បានប្រកាសអំពីស្ថានភាពគុណភាពខ្យល់បានធ្លាក់ចុះ ជាពិសេសកំហាប់ភាគល្អិតនិចល PM 2.5 មានការកើនឡើងលើសកំណត់ស្តង់ដា ជាហានិយភ័យបង្កផលប៉ះពាល់ចំពោះសុខភាពប្រជាពលរដ្ឋថៃ ដោយសាលារៀននៅក្រោមរដ្ឋបាលក្រុងបាងកក ចំនួន ១០៣កន្លែង បានបិទជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នេះតទៅ និងបានអំពាវនាវឱ្យប្រជាពលរដ្ឋទូទាំងប្រទេសថៃធ្វើការពីផ្ទះ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងយកចិត្តទុកដាក់តាមដានស្ថានការណ៍វិវត្តន៍ នៃ ស្ថានភាពគុណភាពខ្យល់នេះ ដោយបានធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ និងទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ដើម្បីធានាថា ពលករខ្មែរដែលកំពុង ស្នាក់នៅ និងធ្វើការនៅក្នុងតំបន់មានផលប៉ះពាល់ ទទួលបានការយកចិត្តទុកដាក់ និងមានសុវត្ថិភាព។

ក្រសួង សូមអំពាវនាវដល់ពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅទីក្រុងបាងកក និងបណ្តាខេត្ត សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាពនិងសុវត្ថិភាពរបស់ខ្លួន និងបន្តយកចិត្តទុកដាក់តាមដានស្ថានការណ៍ ព្រមទាំងអនុវត្តតាមការណែនាំរបស់និយោជក ជាពិសេសអាជ្ញាធរថៃ។
ក្នុងករណីទទួលរងផលប៉ះពាល់ ឬទទួលបានព័ត៌មានអំពីពលករខ្មែរ ដែលរងផលប៉ះពាល់ សូមទំនាក់ទំនង អនុព័ន្ធការងារ (Facebook Page: https://www.facebook.com/la.in.thailand ឬទូរសព្ទលេខ +៦៦ ៩៤ ០៩២ ៥៩០៥ ឬ +៦៦ ៩៤ ៤១៦ ៥៥១៨) ឬស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ (ទូរសព្ទលេខ +៦៦ ៩២ ៨០៥០ ៥៦១) ឬ ទំនាក់ទំនងមកកាន់ក្រសួងផ្ទាល់ (ប្រព័ន្ធ Hotline លេខ ១២៨៦ ឬ ១២៩៧ ឬទូរសព្ទលេខ +៨៥៥ ៩៧ ៩២០ ២០២៣ ឬក្រុមតេលេក្រាម “សម្រាប់ ពលករទេសន្តរប្រវេសន៍” (https:/t.me/KhmerMigrant Worker) ដែល អាចភ្ជាប់តាមរយៈការស្កេន QR Code ខាងក្រោម)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close