Apple និង Alibaba ចាប់គ្នានាំយកមុខងារ AI សម្រាប់iPhones ទៅទីផ្សារប្រទេសចិន
ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ត្រូវបានគេរាយការណ៍ថា បានចាប់ដៃគូជាមួយក្រុមហ៊ុន Alibaba ដើម្បីណែនាំមុខងារ AI ដល់ iPhone ក្នុងប្រទេសចិន។ ភាពជាដៃគូនេះ ធ្វើឡើងបន្ទាប់ពី Apple បានរាយការណ៍មិនពេញចិត្តចំពោះក្រុមហ៊ុន Baidu ដែលជាដៃគូ AI ដំបូងរបស់ខ្លួន និងការបដិសេធរបស់ក្រុមហ៊ុនចិនផ្សេងទៀតដូចជា DeepSeek ជាដើម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥។
ការអភិវឌ្ឍន៍នេះ ត្រូវបានគេមើលឃើញថាអាចជម្រះភាពមិនច្បាស់លាស់ជាច្រើនខែលើយុទ្ធសាស្ត្រ AI របស់ Apple សម្រាប់ប្រទេសចិន ដែលជាកន្លែងដែលក្រុមហ៊ុនយក្សនេះ បានបាត់បង់ចំណែកទីផ្សារទៅឱ្យគូប្រជែងក្នុងស្រុក រួមទាំងក្រុមហ៊ុន Huawei ដែលកំពុងស្ទុះងើបឡើងវិញ ខណៈស្មាតហ្វូនរបស់ពួកគេបានរួមបញ្ចូលឧបករណ៍ AI តាំងពីឆ្នាំមុនមកម្លេះ។
ជុំវិញភាពជាដៃគូនេះ Apple ដំបូងឡើយបានជ្រើសរើស Baidu ជាដៃគូសំខាន់របស់ខ្លួន ប៉ុន្តែការរីកចម្រើនរបស់ក្រុមហ៊ុនចិនក្នុងការអភិវឌ្ឍន៍ម៉ូដែលសម្រាប់ Apple Intelligence បានធ្លាក់ចុះតិចជាងស្តង់ដាររបស់ខ្លួន។ បន្ទាប់មក Apple ក៏បានពិចារណាលើក្រុមហ៊ុនផ្សេងទៀតដូចជា Tencent, ByteDance ដែលជាមេធំរបស់ TikTok, Alibaba និង DeepSeek ប៉ុន្តែចុងក្រោយ Apple សម្រេចជ្រើសយក Alibaba ខណៈដែល Deepseek ត្រូវបានគេរាយការណ៍ថាខ្វះធនធានចាំបាច់ដើម្បីគាំទ្រអតិថិជនធំដូចជា Apple ជាដើម។
គួរជម្រាបថា Apple និង Alibaba បានបញ្ជូនមុខងារ AI រួមគ្នារបស់ពួកគេទៅកាន់និយតករ cyberspace របស់ប្រទេសចិនរួចហើយសម្រាប់ការអនុម័ត។ យ៉ាងណា ជុំវិញព័ត៌មានលម្អិតផ្សេងទៀត Apple និង Alibaba នៅមិនទាន់មានការឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Reuters ទេ។ គិតមកទល់ពេលនេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានកើនឡើង ១.៥% នៅក្នុងការជួញដូរដំបូង ខណៈដែលភាគហ៊ុនរបស់ក្រុមហ៊ុន Alibaba ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិកបានកើនឡើង ២.៦%៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។