រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ កម្ពុជា រំពឹងទទួលទេសចរអន្តរជាតិ ៧.២លាននាក់ នៅឆ្នាំ២០២៥
កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិយ៉ាងហោចឱ្យបានចាប់ពី៧.២លាននាក់ទៅ៧.៥លាននាក់ នៅឆ្នាំ២០២៥នេះ។ នេះបើតាមឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានរំឭកថា នៅឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប៦.៧លាននាក់ កើនឡើង ២៣% ធៀបនឹងឆ្នាំ២០២៣ ជាមួយទេសចរជាតិប្រមាណ២២.៥២លាននាក់ កើនឡើង ២០.១% ធៀបនឹងឆ្នាំ២០២៣។
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានបន្តថា «យោងតាមនិន្នាការខាងលើ និងការបន្តដាក់ចេញវិធានការគន្លឹះនានាជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល ក៏ដូចជាការជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រនានារបស់ក្រសួងទេសចរណ៍ យើងរំពឹងចំនួនភ្ញៀវទេសចរអន្តរជាតិនឹងកើនឡើងពី៧.២លាននាក់ទៅ៧.៥លាននាក់ នៅឆ្នាំ២០២៥នេះ»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។