DeepSeek របស់ចិន ពន្លឿនការបញ្ចេញគំរូ AI ថ្មីវាយលុកទីផ្សារ
ក្រុមហ៊ុនបច្ចេកវិទ្យាចិន DeepSeek ដែលធ្វើឱ្យផ្សារហ៊ុនសកលក្រឡាប់ចាក់ និងខាតបង់ដល់ទៅជាង ១ពាន់ពាន់ដុល្លារកាលពីខែមុន បានប្រញាប់ប្រញាលបញ្ចេញគំរូ AI ម៉ូដែលថ្មី មានតម្លៃទាប និងគុណភាពខ្ពស់ ប្រជែងនឹង AI មានតម្លៃថ្លៃរបស់ប្រទេសលោកខាងលិច។
ប្រភពចំនួន ៣ សុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា ឥឡូវនេះ ក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុងហាងចូវ DeepSeek កំពុងពន្លឿនការដាក់ឱ្យដំណើរការ AI ម៉ូដែលថ្មី ដែលនឹងចូលខ្លួនមកស្នងតំណែងបន្តពី AI ម៉ូដែលចាស់ R1ដែលដាក់ដំណើរការកាលពីខែមករា។
ផ្អែកតាមប្រភពដដែល Deepseek គ្រោងនឹងបញ្ចេញ AI ម៉ូដែល R2 ថ្មី នៅដើមខែឧសភាខាងមុខ ប៉ុន្តែឥឡូវនេះ ខ្លួនចង់បញ្ចេញវាឱ្យឆាប់បំផុតតាមដែលអាចធ្វើទៅបាន។
ជាមួយគ្នានេះ Deepseek សង្ឃឹមថា AI ម៉ូដែលថ្មីនេះ នឹងបង្កើតការសរសេរកូដឱ្យកាន់តែប្រសើរជាងមុន និងអាចប្រើប្រាស់ភាសាបានកាន់តែច្រើនលើសពីភាសាអង់គ្លេស។
ព័ត៌មានលម្អិតនៃពេលវេលាដាក់ចេញមុនកំណត់របស់ AI ម៉ូដែល R2 នេះ មិនត្រូវបានរាយការណ៍ពីមុនមកទេ ហើយ DeepSeek ក៏មិនទាន់ឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយដែរ។
សូមបញ្ជាក់ថា AI ម៉ូឌែល DeepSeek-R1 គឺជាផលិតផលដំបូងរបស់ DeepSeek និងទទួលភាពល្បីល្បាញជាខ្លាំង បន្ទាប់ពីបានដាក់ដំណើរការក្នុងខែមករា ឆ្នាំ២០២៥ ដោយសារមានសមត្ថភាពបកស្រាយ និងឆ្លើយសំណួរប្រកបដោយហេតុផល និងដោះស្រាយលំហាត់គណិតវិទ្យាល្អ ដែលអាចប្រកួតប្រជែងជាមួយ បច្ចេកវិទ្យា AI ដទៃទៀតបានដោយងាយ។
នៅចុងខែមករា ឆ្នាំ២០២៥ DeepSeek បានវ៉ាដាច់ ChatGPT ជាកម្មវិធីឥតគិតថ្លៃ ដែលត្រូវបានទាញយកច្រើនបំផុតនៅលើ App Store របស់ Apple នៅសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។