ក្រុមហ៊ុនអាកាសចរណ៍ Emirates ជំរុញការតភ្ជាប់ជើងហោះហើរពីទីក្រុងឌូបៃ-សៀមរាប នៅពាក់កណ្តាលឆ្នាំនេះ
ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិធំជាងគេលើពិភពលោក កំពុងជំរុញការតភ្ជាប់កម្ពុជា-អារ៉ាប់រួម (United Arab Emirates) ជាមួយនឹងការបន្ថែមជើងហោះហើរទីក្រុងឌូបៃ-សៀមរាប ដែលរំពឹងថានឹងលើកកម្ពស់ទាំងវិស័យទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ក្រុមហ៊ុនអាកាសចរណ៍នឹងដាក់ឱ្យដំណើរការជើងហោះហើរចំនួន ៣ថ្ងៃក្នុងមួយសប្តាហ៍ ពីទីក្រុងឌូបៃទៅខេត្តសៀមរាប តាមរយៈទីក្រុងបាងកក ចាប់ពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥។ សេវាកម្មជើងហោះហើរចំនួន ៣ថ្ងៃក្នុងមួយសប្តាហ៍ របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ទៅខេត្តសៀមរាបនឹងដំណើរការនៅថ្ងៃអង្គារ ព្រហស្បតិ៍ និងថ្ងៃសៅរ៍។
ជើងហោះហើរ EK370 នឹងចាកចេញពីទីក្រុងឌូបៃនៅម៉ោង ៩:០០ និងមកដល់ទីក្រុងបាងកកនៅម៉ោង ១៨៖២៥នាទី។បន្ទាប់មកជើងហោះហើរនេះ នឹងចេញដំណើរពីទីក្រុងបាងកកនៅម៉ោង ២០៖១០នាទី និងមកដល់សៀមរាបនៅម៉ោង ២១៖៣០នាទី។ ជើងហោះហើរ EK371 នឹងចេញដំណើរពីខេត្តសៀមរាបនៅម៉ោង ០០៖១៥នាទី ម៉ោង ហើយមកដល់បាងកកនៅម៉ោង ០១:៣៥នាទី។
បន្ទាប់មកជើងហោះហើរនឹងហោះចេញនៅម៉ោង ៣:៤០នាទី នឹងមកដល់ Dubai នៅម៉ោង ៦:៥០នាទី។ ពេលវេលាទាំងអស់ គឺគិតជាម៉ោងក្នុងស្រុក។ ផ្លូវហោះហើរថ្មីរបស់ Emirates នឹងដំណើរការជាមួយយន្តហោះដែលមានប្រភេទកៅអីពីរថ្នាក់ Boeing 777-300ER ដែលផ្តល់កៅអីអង្គុយចំនួន៣៥ នៅក្នុងថ្នាក់ Business និង ៣៨៦ កៅអីធំទូលាយនៅក្នុងថ្នាក់ Economy Class។
សេវាកម្មរបស់ Emirates ទៅកាន់ខេត្តសៀមរាប គឺត្រូវបានកំណត់ពេលវេលាដ៏ល្អប្រសើរ ក្នុងការផ្តល់ជូនអ្នកធ្វើដំណើរ តាមរយៈការតជើងហោះហើរប្រចាំថ្ងៃ សម្រាប់ដំណើរកម្សាន្តទៅកាន់ប្រទេសបារាំង ចក្រភពអង់គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ ព័រទុយហ្គាល់ និងរុស្ស៊ី។ ក្រុមហ៊ុន Emirates បានដំណើរការជើងហោះហើរទៅមកប្រចាំថ្ងៃពីទីក្រុងឌូបៃ មកកាន់រាជធានីភ្នំពេញ ប្រទេសកម្ពុជា តាមរយៈប្រទេសសិង្ហបុរី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។