អង្គការសហប្រជាជាតិ ព្រមានថា កាត់ជំនួយជាការប្រឆាំងប្រយោជន៍ពលរដ្ឋអាមេរិក
អគ្គលេខាធិការ អង្គការសហប្រជាជាតិ ហៅកាត់ UN លោក Antonio Guterres បានព្រមាន នាពេលថ្មីៗនេះថា ការកាត់ជំនួយ របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងផលប្រយោជន៍ របស់ពលរដ្ឋអាមេរិក ខ្លួនឯង។
លោក Antonio Guterres បានលើកឡើងថា ការកាត់បន្ថយដ៏ធំ ចំពោះជំនួយ និងវិភាគទានរបស់សហរដ្ឋអាមេរិក ដល់ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដែលអនុម័តដោយប្រធានាធិបតី Donald Trump គឺផ្ទុយទៅនឹងផលប្រយោជន៍ របស់ទីក្រុង វ៉ាស៊ីនតោន។
លោក Guterres បាននិយាយ ទៅកាន់អ្នកយកព័ត៌មានថា «ការកាត់បន្ថយតួនាទីមនុស្សធម៌ និង ឥទ្ធិពលរបស់អាមេរិក នឹងប្រឆាំងទៅនឹងផលប្រយោជន៍ របស់ពលរដ្ឋអាមេរិក ទូទាំងពិភពលោក។ ខ្ញុំគ្រាន់តែសង្ឃឹមថា ការសម្រេចចិត្តទាំងនេះ អាចត្រូវបានផ្លាស់ប្តូរ ដោយផ្អែកលើការត្រួតពិនិត្យ យ៉ាងប្រុងប្រយ័ត្ន បន្ថែមទៀត»។
ក្រសួងការបរទេសអាមេរិកទើបបាននិយាយថា ខ្លួនបានកាត់បន្ថយកិច្ចសន្យាជំនួយរយៈពេលច្រើនឆ្នាំរបស់ខ្លួន ចំនួន៩២ភាគរយ ដើម្បីសន្សំបានប្រហែល ៦០ ពាន់លានដុល្លារ ពីកម្មវិធីអភិវឌ្ឍន៍ និងកម្មវិធីមនុស្សធម៌ នៅក្រៅប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។