តួកគី នឹងបើកជើងហោះហើរមកកម្ពុជា នៅចុងឆ្នាំនេះ

ក្រុមហ៊ុនអាកាសចរណ៍តួកគី (Turkish Airlines) បានប្រកាសថា ខ្លួននឹងចាប់ផ្តើមបើកជើងហោះហើរពីទីក្រុងអ៊ីស្តង់ប៊ូល មកកាន់រាជធានីភ្នំពេញ ប្រទេសកម្ពុជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។

សេចក្តីប្រកាសព័ត៌មានរបស់ Turkish Airlines ដែលទទួលបាននៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ បានបញ្ជាក់ថា ជាមួយនឹងទិសដៅថ្មីនេះ កម្ពុជានឹងក្លាយជាប្រទេសទី៧ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយទីក្រុងភ្នំពេញនឹងក្លាយជាទីក្រុងទី១១ ក្នុងតំបន់ ដែលបម្រើជើងហោះហើរ ដោយក្រុមហ៊ុនអាកាសចរណ៍តួកគី។

ជាមួយគោលដៅកែលម្អទំនាក់ទំនងពាណិជ្ជកម្មរវាងតួកគី និងកម្ពុជា និងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចនៃគោលដៅថ្មី របស់ក្រុមហ៊ុនអាកាសចរណ៍តួកគី ជើងហោះហើរភ្នំពេញនឹងពង្រីកបណ្តាញរបស់ក្រុមហ៊ុនអាកាសចរណ៍ពិភពលោក ទៅកាន់ទីក្រុងចំនួន ២០ និងអាកាសយានដ្ឋានចំនួន ២១។

ផ្លូវហោះហើរថ្មីនេះនឹងផ្តល់ជូនភ្ញៀវរបស់ក្រុមហ៊ុនអាកាសចរណ៍តួកគី នូវភាពងាយស្រួលឆ្ពោះទៅកាន់គោលដៅសំខាន់ៗក្នុងតំបន់។ ក្រុមហ៊ុនអាកាសចរណ៍តួកគី នឹងដំណើរការជើងហោះហើរ ទៅកាន់ទីក្រុងភ្នំពេញតាមរយៈទីក្រុងបាងកក។ តាមកាលវិភាគ ៣ដងក្នុងមួយសប្តាហ៍ ជើងហោះហើរនឹងចេញដំណើរពីទីក្រុងអ៊ីស្តង់ប៊ូល មកកាន់ទីក្រុងភ្នំពេញ នៅរៀងរាល់ថ្ងៃពុធ សុក្រ និងថ្ងៃអាទិត្យ ខណៈដែលជើងហោះហើរពីភ្នំពេញ ទៅអ៊ីស្តង់ប៊ូល នឹងដំណើរការនៅរៀងរាល់ថ្ងៃចន្ទ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close