NASA និង SpaceX ពន្យារពេលបេសសកម្មទៅយកអវកាសយានិកជាប់គាំងនៅស្ថានីយ ISS
បេសកកម្មរបស់អង្គការ NASA និង SpaceX ដែលមានគោលបំណងត្រួសត្រាយផ្លូវទៅនាំយកអវកាសយានិកចំនួនពីររូប ដែលជាប់គាំងនៅស្ថានីយអវកាសអន្តរជាតិ (ISS) ជាច្រើនខែ ត្រឡប់មកកាន់ផែនដីវិញ ត្រូវបានពន្យារពេលសិន។
គ្រាប់រ៉ុក្តែត Falcon 9 របស់ SpaceX នឹងត្រូវបញ្ជូនទៅកាន់ទីអវកាស ចេញពីមូលដ្ឋានបាញ់បង្ហោះ Cape Canaveral ក្នុងរដ្ឋផ្លរីដា តែត្រូវបានផ្អាកជាបណ្តោះអាសន្នសិន ដោយសារតែបញ្ហាបច្ចេកទេសត្រង់ប្រព័ន្ធអ៊ីដ្រូលីក ដែលក្រុមវិស្វករកំពុងព្យាយាមជួសជុល។ ប៉ុន្តែនៅតែមានឱកាសបាញ់បង្ហោះដែលអាចទៅរួចនៅថ្ងៃព្រហស្បតិ៍។
បើតាមផែនការគ្រោងទុក រ៉ុក្កែតនេះមានគោលបំណងបញ្ជូនអវកាសថ្មីចំនួន ៤រូបឡើងទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ (ISS) និងត្រួសត្រាយផ្លូវសម្រាប់ការវិលត្រឡប់របស់អវកាសយានិកនាង Suni Williams និងលោក Butch Wilmore ដែលជាប់គាំងនៅទីនោះអស់ជាច្រើនខែ។
អវកាសយានិកណាសាទាំងពីររូបនេះ បានឡើងទៅដល់ស្ថានីយ ISS តាំងតែពីខែមិថុនា ឆ្នាំ២០២៤មកម្ល៉េះ តាមរយៈយានអវកាស Starliner របស់ក្រុមហ៊ុន Boeing ហើយដំបូងឡើយ ពួកគេត្រូវស្នាក់នៅលើនោះ ត្រឹមតែ៨ថ្ងៃប៉ុណ្ណោះ។ ប៉ុន្តែបញ្ហាបានកើតឡើងពាក់ព័ន្ធប្រព័ន្ធហោះហើររបស់យាន Starliner ជាហេតុបង្ខំឱ្យ NASA ត្រូវធ្វើការផ្លាស់ប្តូរធំមួយ។
ក្រោយការធ្វើតេស្តជាច្រើនសប្តាហ៍លើយាន Starliner ទីភ្នាក់ងារអវកាស NASA បានសម្រេចចិត្តនាំយកវាត្រឡប់មកផែនដីវិញ ដោយមិនមានផ្ទុកលោក Wilmore និងនាង Williams ឡើយ ពោលគឺអវកាសយានិកទាំងពីររូបត្រូវរង់ចាំត្រឡប់មកវិញ ជាមួយសមាជិកនៃបេសកកម្ម Crew-9 របស់ក្រុមហ៊ុន SpaceX៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។