រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍៖ TikTok បើកឱ្យអ្នកបង្កើតមាតិកា នៅកម្ពុជា អាចរកចំណូលបានហើយ
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានគូសបញ្ជាក់ថា ចាប់ពីពេលនេះទៅ អ្នកបង្កើតមាតិកានៅកម្ពុជា ដែលមានខ្លឹមសារល្អ និងមានភាពទាក់ទាញអ្នកទស្សនាច្រើននៅលើបណ្តាញសង្គម TikTok នឹងអាចរកចំណូលបានហើយ ដែលនេះជាការផ្តល់ឱកាសរបស់ក្រុមហ៊ុន TikTok ដល់អ្នកបង្កើតមាតិកានៅកម្ពុជា។
ឯកឧត្តម ជា វ៉ាន់ដេត គូសបញ្ជាក់បែបនេះ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ និងគោលការណ៍ណែនាំជាមួយក្រុមហ៊ុន TikTok នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា កាលពីពេលកន្លងមក អ្នកបង្កើតមាតិកាជាច្រើននៅកម្ពុជា បានស្នើទៅសម្តេចនាយករដ្ឋមន្រ្តី ដើម្បីឱ្យក្រុមហ៊ុន TikTok ហ្វេសប៊ុក និងបណ្តាញសង្គមផ្សេងទៀត ផ្តល់ឱកាសក្នុងការរកចំណូលបានពីការបង្កើតមាតិកាផ្សព្វផ្សាយ នៅលើបណ្តាញសង្គមទាំងនោះផងដែរ។ ហើយនាពេលខាងមុខ ក្រសួងនឹងបន្តខិតខំសម្របសម្រួលបន្ថែមទៀត ដើម្បីឱ្យអ្នកបង្កើតមាតិកានៅបណ្តាញសង្គមហ្វេសប៊ុកនៅកម្ពុជាអាចរកចំណូលបាន។
យ៉ាងនេះក្តី ឯកឧត្តមលើកទឹកចិត្តឱ្យអ្នកបង្កើតមាតិកាទាំងអស់ ប្រឹងបង្កើតមាតិកាឱ្យកាន់តែល្អ បម្រើដល់សង្គមជាតិ បរិស្ថាន មនុស្សជាតិ សេដ្ឋកិច្ច និងមានភាពទាក់ទាញដល់អ្នកស្តាប់ និងអ្នកទស្សនា ប៉ុន្តែកុំបង្កើតមាតិកាណាដែលធ្វើឱ្យមនុស្សភ័យខ្លាច បំផ្លាញបរិស្ថាន រំលេចនូវរូបភាពបែបសាហាវ ដែលមាតិកាទាំងនេះនឹងធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ទស្សនិកជន ហើយអាចនឹងមិនទទួលបានចំណូលផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។