ហេតុការណ៍ឆេះ និងលិចទូក នៅកុងហ្គោ រកឃើញចំនួនអ្នកស្លាប់ ៣៣នាក់
មន្រ្តីកុងហ្គោបានប្រាប់កាសែត AFP បន្ទាប់ពីហេតុការណ៍ឆេះ និងក្រឡាប់លិចទូកមួយគ្រឿងថា ចំនួនអ្នកស្លាប់ពិតប្រាកដក្នុងសោកនាដកម្មនេះ មានត្រឹមតែ ៣៣ នាក់ប៉ុណ្ណោះ មិនដូចសេចក្តីរាយការណ៍ពីមុន ដែលថា មានរាប់រយនាក់ទេ។
អភិបាលក្រុង អឹបានដាកា លោក វីយ៉េស បាឡូ និយាយថា ក្នុងចំណោមអ្នកស្លាប់ទាំង ៣៣ នាក់ ក្នុងនោះសាកសពមនុស្ស ២៩ នាក់បានបញ្ចុះរួចរាល់ហើយ និង ៤ នាក់ទៀតកំពុងតម្កល់នៅទីបញ្ចុះសពនៅឡើយ។
លោកអភិបាលក្រុងបន្ថែមថា ចំណែកមនុស្សចំនួន ១៩៥ នាក់បានរួចផុតជីវិតពីសេចក្តីស្លាប់ រួមជាមួយជនរងគ្រោះរលាកភ្លើងចំនួន ២២ នាក់ ដែលត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ វ៉ាន់ហ្គាតា។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃអង្គារសប្តាហ៍មុន នៅលើដងទន្លេកុងហ្គោ។
ទូកឈើផ្ទុកអ្នកដំណើរប្រហែល ៤០០ នាក់នោះ ត្រូវភ្លើងឆេះនៅជិតទីក្រុង អឹមបានដាកា ក្រោយចាកចេញពីកំពង់ផែ ម៉ាតាន់គូម៊ូ ទៅកាន់តំបន់ បូឡូមបា ក្នុងខេត្ត អ៊ីក្វាធ័រ។ ប្រភពបានឱ្យដឹងថា ឧប្បត្តិហេតុនេះបង្កឡើងពីអ្នកចម្អិនអាហារនៅលើទូក ហើយអ្នកដំណើរជាច្រើននាក់ រួមទាំងស្ត្រី និងកុមារបានស្លាប់បន្ទាប់ពីលោតចូលទឹក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។