ក្រសួងពាណិជ្ជកម្ម ប្រកាសពីករណីអាមេរិកដំឡើងពន្ធផលិតផលបន្ទះសូឡានាំចូលពីកម្ពុជា ពុំមានពាក់ព័ន្ធនឹងការអនុវត្តពន្ធគយបដិការរបស់អាមេរិក

ក្រសួងពាណិជ្ជកម្មកម្ពុជា នាល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា កម្រិតនៃការឧបត្ថម្ភធនលើបន្ទះសូឡានាំចូលពីកម្ពជាដល់ទៅ ៣៥២១% របស់សហរដ្ឋអាម៉េរិក ពុំមានពាក់ព័ន្ធនឹងការអនុវត្តពន្ធគយបដិការរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដែលបានប្រកាសកាលពី ដើមខែមេសា ឆ្នាំ២០២៥ នេះឡើយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មដែលទទួលបាននៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក បានចេញផ្សាយសេចក្តីសម្រេចចុងក្រោយក្នុង ករណីស៊ើបអង្កេតឧបាស្រ័យពាណិជ្ជកម្ម លើការលក់បង្អួចថ្លៃ និងការឧបត្ថម្ភធន លើផលិតផលបន្ទះសូឡានាំចូលពីកម្ពុជា។

ក្រសួងពាណិជ្ជកម្ម សូមបញ្ជាក់ជូនថា ករណីស៊ើបអង្កេតប្រឆាំងនឹងការលក់បង្អួចថ្លៃ និងការឧបត្ថម្ភធននេះ ជា នីតិវិធី ដោយផ្អែកលើបណ្តឹងរបស់ក្រុមហ៊ុនផលិតបន្ទះសូឡាក្នុងស្រុករបស់សហរដ្ឋអាម៉េរិកដែលព្រួយបារម្ភចំពោះការ ប្រកួតប្រជែងតម្លៃនៃបន្ទះសូឡានាំចូលទៅលក់លើទីផ្សារសហរដ្ឋអាម៉េរិក។

ករណីស៊ើបអង្កេតនេះបានចាប់ផ្តើមឡើង តាំងពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ មកម៉្លេះ ហើយក្រសួងពាណិជ្ជកម្ម បានធ្វើការសម្របសម្រួលជាមួយវិស័យឯក ជនពាក់ព័ន្ធ និងស្ថាប័នរដ្ឋ ដើម្បីចូលរួមបំភ្លឺលើចំណុចនៃការចោទករណីខាងលើនេះ៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close