រថយន្តបុក ចូលមណ្ឌលកុមារអាមេរិក បណ្តាលស្លាប់មនុស្ស ៤នាក់

មនុស្ស៤នាក់បានស្លាប់ រួមមានទាំងកុមារ បន្ទាប់ពីរថយន្តមួយគ្រឿងបានបើកបុក ចូលទៅក្នុងមណ្ឌលកុមារអាមេរិក ឬ ជំរុំក្រោយសាលា ​អ៊ី ណត (YNOT) ស្ថិតនៅក្នុងទីក្រុង Chatham រដ្ឋ Illinois កាលពីថ្ងៃចន្ទ។

ប៉ូលិសបាននិយាយថា អ្នកស្លាប់មានអាយុ ចាប់ពី៤ ដល់ ១៨ឆ្នាំ ហើយមនុស្សជាច្រើននាក់ផ្សេងទៀត បានរងរបួស បញ្ជូនទៅកាន់មន្ទីរពេទ្យ។ ប្រភពបានបន្តថា ពួកគេកំពុងស៊ើបអង្កេត លើឧបទ្វេហេតុនេះ។

អភិបាលរដ្ឋ Illinois លោក JB Pritzker បានចេញសេចក្តីថ្លែងការណ៍មួយ នៅលើបណ្តាញសង្គម X ដោយនិយាយថា លោករន្ធត់ចិត្ត និងសោកស្ដាយជាខ្លាំង ចំពោះឧប្បត្តិហេតុនេះ។

លោករៀបរាប់ថា «ឪពុកម្តាយ បាននិយាយ លាកូនៗ របស់ពួកគេ នៅព្រឹកនេះ ដោយមិនដឹងថា វាជាលើកចុងក្រោយទេ។ បេះដូងរបស់ខ្ញុំ គឺធ្ងន់ធ្ងរ សម្រាប់គ្រួសារទាំងនេះ និងទុក្ខសោក ដែលមិនអាចនឹកស្មានដល់ ដែលពួកគេកំពុងជួបប្រទះ.. ជាអ្វីមួយដែលគ្មានឪពុកម្តាយ ត្រូវស៊ូទ្រាំ»។

យ៉ាងណាមិញ អ្នកបង្កហេតុ មិនមានគ្រោះថ្នាក់នោះទេ តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅកន្លែងកើតហេតុ និងដឹកទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការវាយតម្លៃពីស្ថានភាព។

ជំរុំក្រោយសាលា ឬ After School Camp ត្រូវបានគេស្គាល់ថា ជាកម្មវិធី រចនាឡើងសម្រាប់កុមារ ដែលជាធម្មតាធ្វើឡើង បន្ទាប់ពីម៉ោងសិក្សាធម្មតា ដោយផ្តល់នូវសកម្មភាព និងឱកាសជាច្រើន សម្រាប់ការរៀនសូត្រ ការកម្សាន្ត និងទំនាក់ទំនងសង្គម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close