កេសរកូលព្រះទ្រហឹង កំពុងរីកជាលើកទី៣ នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន
កេសរកូលព្រះទ្រហឹង ដែលមានឈ្មោះវិទ្យាសាស្ត្រ Grammatophyllum speciosum និងមានឈ្មោះជាភាសាអង់គ្លេសថា Giant Orchid, Tiger Orchid ឬ Sugar Cane Orchid គឺជាប្រភេទកេសរកូលធំជាងគេលើសកលលោក។ វាជាកេសរកូលព្រៃដ៏កម្រមួយរបស់កម្ពុជា ដែលបានរកឃើញដុះលូតលាស់នៅតំបន់ភ្នំក្រវាញ ខេត្តកោះកុង និងតំបន់ភ្នំដងរែក ខេត្តព្រះវិហារ និងខេត្តសៀមរាប។
តាមការកត់ត្រាវិទ្យាសាស្ត្រ កេសរកូលព្រះទ្រហឹងអាចមានទំងន់ដល់២តោនក្នុងមួយគុម្ព កំពស់ចាប់ពី០,៥ម៉ែត្រទៅ៣ម៉ែត្រ មានទងផ្កាប្រវែងដល់២ម៉ែត្រ ហើយក្នុងមួយគុម្ពអាចផ្ទុកបានរហូតដល់៧០០០ផ្កា។ ផ្កានៅលើមួយទងអាចមានចន្លោះពី៨០ ទៅ១០០ផ្កា។ កេសរកូលប្រភេទនេះកម្រចេញផ្កា ហើយផ្ការីកស្ថិតបានរយៈពេលពី២ទៅ៣ខែ។
កេសរកូលព្រះទ្រហឹងត្រូវបានយកមកដាំនៅសួនកេសរកូលព្រៃនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ចាប់ពីខែតុលា ឆ្នាំ២០១៨។ ការចេញផ្កាលើកទី១កើតឡើងនៅខែមេសា និងឧសភា ឆ្នាំ២០២១ (១ទងផ្កា)។ លើកទី២នៅខែមេសា ឆ្នាំ២០២៤ (១ទងផ្កា)។ ចំណែកឯការចេញផ្កាលើកទី៣កំពុងកើតមានក្នុងខែមេសា ឆ្នាំ២០២៥នេះ ដោយមានរហូតដល់៥ទងផ្កា។
ភាពជោគជ័យនេះ បញ្ជាក់ថា សួនកេសរកូលព្រៃ នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន គឺជាមជ្ឈដ្ឋានដ៏សមស្របសម្រាប់ការរស់រានរបស់កេសរកូលព្រៃកម្រនេះ។
សូមអញ្ជើញមកទស្សនា និងស្វែងយល់អំពីកេសរកូលព្រៃដ៏មានតម្លៃរបស់កម្ពុជា នៅសួនកេសរកូលព្រៃ នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន និងចូលរួមអភិរក្សធនធានធម្មជាតិទាំងអស់យើងទាំងអស់គ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។