ក្រសួងសុខាភិបាល រំលឹកដល់ប្រជាជនអាយុចាប់ពី១២ឆ្នាំឡើង ចាក់វ៉ាក់សាំងកូវីដ-១៩
ក្រសួងសុខាភិបាល តាមរយៈលិខិតរបស់ខ្លួនផ្ញើជូន នាយកមន្ទីរពេទ្យជាតិ និងប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត និងផ្នែកពាក់ព័ន្ធ បានជំរុញឱ្យមានការចាក់វ៉ាក់សាំងកូវីដ-១៩ រំលឹកដល់ប្រជាជនអាយុចាប់ពី១២ឆ្នាំឡើង ដើម្បីបង្ការជាមុនសំដៅធានាភាពស៊ាំសហគមន៍ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឆ្នាំ២០២៥ ។
លិខិតរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា ដោយរកឃើញមានការឆ្លងដោយកន្លែងនៃជំងឺកូវីដ-១៩ ថ្មី (JN.1 lineages) (Covid-19 Omicron) កន្លងមក, ដូចនេះដើម្បីបង្ការជាមុនសំដៅធានាភាពស៊ាំសហគមន៍ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ថ្មី ក្រសួងសុខាភិបាល សូមណែនាំដល់នាយកមន្ទីរពេទ្យជាតិ និងប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ រំលឹកដល់ប្រជាជនអាយុចាប់ពី១២ឆ្នាំឡើង រាល់៦ខែម្តងតាមយុទ្ធសាស្ត្រនៃការចាក់រំលឹកវ៉ាក់សាំងកូវីដ-១៩ ជាពិសេសសូមលើកទឹកចិត្តមកទទួលវ៉ាក់សាំងដើម្បីការពារជំងឺកូវីដ-១៩ ថ្មី សម្រាប់ជនវ័យចាស់ ជនចាស់ជរា អ្នកមានជំងឺរ៉ាំរ៉ៃ និងមានភាពស៊ាំថយចុះជាដើម ដូចខាងក្រោម៖
១. ផ្តល់វ៉ាក់សាំងកូវីដ-១៩ ជាប្រចាំនៅគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈរួមមានមន្ទីរពេទ្យជាតិ និងមណ្ឌលសុខភាព។
២. ផ្តល់វ៉ាក់សាំងកូវីដ-១៩ ដោយរួមបញ្ចូលជាមួយសកម្មភាពចុះផ្តល់សេវាសុខភាពមូលដ្ឋាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។