ផ្លូវជាតិលេខ៤៨ សម្រេចបាន ៩៧,៣៧% គ្រោងនឹងបញ្ចប់ការងារសាងសង់ នៅខែមិថុនា ខាងមុខ

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានដឹកនាំកិច្ចប្រជុំអំពីវឌ្ឍនភាពការងារគម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្រុមហ៊ុនសាងសង់ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារគម្រោងផ្លូវជាតិលេខ៤៨ ស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានា ប្រកបដោយប្រសិទ្ធភាព ព្រមទាំងធានាការអនុវត្តគម្រោងឱ្យបានទាន់ពេលវេលាតាមផែនការដែលបានគ្រោងទុក។

សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២៥ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ នេះ បានសម្រេចវឌ្ឍនភាពការងាររបស់ខ្លួនប្រមាណ ៩៧,៣៧% ហើយគ្រោងនឹងបញ្ចប់ការងារសាងសង់នៅក្នុងខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close