ទីតាំងហ្គេមបាញ់ត្រី២កន្លែងក្នុងសង្កាត់ផ្សារថ្មី១ សំងំបើកយ៉ាងសុខសាន្តអាជ្ញាធរមើលរំលង
ភ្នំពេញ៖ ទីតាំងហ្គេមត្រីខុសច្បាប់ ២កន្លែងក្នុងខណ្ឌដូនពេញបើកគ្មានញញើតអាជ្ញាធរបន្តិចណាសោះ ឬមួយក៏ត្រូវដងត្រូវផ្លែគ្នាអស់ហើយ បានជាសមត្ថកិច្ចក្នុងមូលដ្ឋានធ្វើមិនដឹងមិនលឺ?
បើលោកអ្នកធ្វើដំណើរលើបណ្តោយផ្លូវព្រះមុន្នីវង់ ក្នុងទិសដៅពីត្បូងទៅជើង ដល់កែងផ្លូវលេខ១២៦ បត់ស្តាំចូលប្រហែលជា២០ម៉ែត្រ ពិតជាបានឃើញទីតាំងហ្គេមបាញ់ត្រីទាំងពីរនេះជាក់ជាមិនខាន គឺស្ថិតនៅលើផ្លូវ១២៦ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមប្រភពដែលគេស្គាល់ទីតាំងនេះ គឺមានម្ចាស់បើកមុខរបរនេះសឹងតែជាស្តេចក្រាញ់ទៅហើយ។ ពេលសមត្ថកិច្ចបិទកន្លែងមួយ គាត់បើកកន្លែងផ្សេងមួយទៀត សឹងតែយើងអាចនិយាយបានថា នេះដូចជារឿង “ឆ្មាដេញចាប់កណ្តុរ” អញ្ចឹង។
កាលពីចុងឆ្នាំ២០១៨ថ្មីៗនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ដែលជាស្នងការប្រចាំរាជធានីភ្នំពេញ បានចេញបទបញ្ជា អោយសមត្ថកិច្ច អាជ្ញាធរក្នុងខណ្ឌទាំង១២ បង្ក្រាបអោយអស់នូវល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសទីតាំងហ្គេមបាញ់ត្រីដែលជាកន្លែងជ្រកជក់គ្រឿងញៀន ព្រោះវាដើមចមដ៏ធំដែលនាំអោយមាន បទល្មើសឆក់ប្លន់ ជាពិសេសគ្រឿងញៀនតែម្តង។
ឥឡូវរង់ចាំមើលថាតើ មន្ត្រីអាជ្ញាធរមូលដ្ឋាន ជាពិសេស លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង លោក ទៀង ចន្ទ័សារ អធិការខណ្ឌដូនពេញ នឹងមានចំណាត់ការបែបណាចំពោះទីតាំងល្បែងទាំង២កន្លែងខាងលើនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។